កំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងថា អាជ្ញាធរខេត្តកំពង់ឆ្នាំង រួមនិងមន្ទីរអង្គភាពពាក់ព័ន្ធ កំពុងខិតខំកសាងអភិវឌ្ឍន៍ខេត្តកំពង់ឆ្នាំង អោយក្លាយទៅជាខេត្តដែលភ្ញៀវមិនអាចមើលរំលងបាន ដោយត្រូវទៅក៏ចូល មកវិញក៏ចូល គឺក្លាយជាខេត្តដែលទាក់ទាញផ្នែកវិស័យទេសចរតែម្តង។ ឯកឧត្តមបានមានប្រសាសន៍បែបនេះ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ក្នុងសាលាខេត្តកំពង់ឆ្នាំង។
ឯកឧត្តមបានបន្តថា ខេត្តកំពង់ឆ្នាំង គឺជាខេត្តដែលភ្ញៀវទេសចរតែងមើលរំលង ទៅហួសមកហួស ដោយមិនបានចូលស្នាក់នៅ ឬក៏ដើរលេងនៅក្នុងខេត្តបានច្រើននោះឡើយ។ ក៏ប៉ុន្តែកត្តាដែលនាំអោយភ្ញៀវទៅហួសមកហួសនេះ ក៏ដោយសារតែយើងជាអ្នកកំពង់ឆ្នាំង មិនបានបង្ហាញនូវអ្វីដែលជាសក្តានុពលលើវិស័យទេសចរ អោយបងប្អូនភ្ញៀវទេសចរជាតិ អន្តរជាតិបានដឹង បានឃើញ និងបានស្គាល់នោះឡើយ។ ខេត្តកំពង់ឆ្នាំងមានសក្តានុពលលើវិស័យទេសចរច្រើន ព្រោះខេត្តនេះមានរមណីយដ្ឋានបែបធម្មជាតិប្រមាណជាង ១០កន្លែងដែលយើងមិនទាន់រៀបចំអោយមានភាពទាក់ទាញ, យើងមានទឹកជ្រោះចំនួន ៤កន្លែងកំពុងអភិវឌ្ឍន៍អោយក្លាយជាទីតាំងទាក់ទាញភ្ញៀវទេសចរ, យើងមានកោះជាច្រើនសម្រាប់ភ្ញៀវមកកំសាន្តតាមជើងទឹក ដោយគ្រាន់តែយើងជួយបង្ហាត់បង្ហាញពីរបៀបទទួលភ្ញៀវដល់អ្នកភូមិទាំងនោះ, យើងមានទន្លេសាបដ៏ស្រស់ស្អាត ហើយខេត្តកំពង់ឆ្នាំង ក៏មានភូមិទេសចរជាច្រើនកន្លែងដែលមិនទាន់កែច្នៃ។
ឯកឧត្តម បានបន្ថែមថា សព្វថ្ងៃ អាជ្ញាធរខេត្តកំពុងកសាងអភិវឌ្ឍន៍ និងជួសជុលផ្លូវនៅតាមរមណីយដ្ឋានមួយចំនួន និងផ្លូវនៅក្នុងក្រុងកំពង៉ឆ្នាំងទាំងអស់អោយរួចរាល់នៅក្នុងឆ្នាំ២០២៣ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋ រួមនិងភ្ញៀវទេសចរបានប្រើប្រាស់ កុំអោយមានភាពលំបាកក្នុងការធ្វើដំណើរ។ អាជ្ញាធរខេត្តក្រុងកំពង់ឆ្នាំង កំពុងបំពាក់នូវភ្លើងសូឡាបំភ្លឺផ្លូវនៅតាមផ្លូវសំខាន់ៗមួយចំនួនក្នុងក្រុង រួមនឹងការបំពាក់ភ្លើងពណ៌នៅតាមដងផ្លូវ ការកសាងនូវសួនបាញ់ទឹកដ៏ធំ ដែលនឹងរួចរាល់នៅបំណាច់ឆ្នាំនេះផងដែរ។ ក្រៅពីនេះ អាជ្ញាធរខេត្ត បានយកចិត្តទុកដាក់លើផ្លូវនៅតាមដងទន្លេ ដែលជាផ្លូវលិចទឹកនៅរដូវវស្សា គឺបាន និងកំពុងកសាងជាបន្តបន្ទាប់ផងដែរ នៅតាមភូមិដ្ឋានប្រជាពលរដ្ឋ ដើម្បីអោយភ្ញៀវទេសចរបានធ្វើដំណើរងាយស្រួលនៅរដូវប្រាំង និងដើម្បីអោយខេត្តកំពង់ឆ្នាំង ក្លាយទៅជាខេត្តដែលភ្ញៀវទេសចរមិនអាចបំភ្លេចបាន «ទៅក៏ចូល មកវិញក៏ចូល»៕ ហុង វាស្នា








