ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បញ្ជាក់ថា ក្នុងរយៈពេល៦ថ្ងៃនៃដំណើរការផ្ទៀងផ្ទាត់នៃការចុះឈ្មោះបោះឆ្នោតដែលទើបបិទបញ្ចប់ ត្រូវបានរកឃើញមានករណីឈ្មោះស្ទួនជាបន្តបន្ទាប់។
ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា បន្ទាប់ពីដំណើរការចុះឈ្មោះបោះឆ្នោតតាមឃុំ-សង្កាត់ នៅទូទាំងប្រទេស សម្រាប់ឆ្នាំ២០២២ ត្រូវបានបិទបញ្ចប់កាលពីថ្ងៃទី៨ ខែធ្នូនេះ គ.ជ.ប បានចាប់ផ្តើមដំណើរការនីតិវិធីប្រមូលរាល់ឧបករណ៍ទាំងឡាយ ដើម្បីពិនិត្យផ្ទៀងផ្ទាត់ឡើងវិញ ដោយការពិនិត្យផ្ទៀងផ្ទាត់នេះសំដៅស្វែងរក ភាពមិនប្រក្រតីដែលតាមការិយាល័យចុះឈ្មោះបោះឆ្នោតបញ្ជូនមក គ.ជ.ប និងស្វែងការស្ទួនឈ្មោះ ដោយសារតាមច្បាប់បោះឆ្នោតមិនអនុញ្ញាតឲ្យមានឈ្មោះស្ទួនជាដាច់ខាត ឬបោះឆ្នោតលើសពីម្តងសម្រាប់មនុស្សម្នាក់ឡើយ។
ឯកឧត្តម បន្តថា មកដល់ពេលនេះ គ.ជ.ប បានរកឃើញឈ្មោះស្ទួនជាបន្តបន្ទាប់ច្រើនករណី ដោយសារប្រជាពលរដ្ឋដែលបម្លាស់ទីលំនៅពុំបានធ្វើឯកសារផ្ទេរទីលំនៅរបស់ខ្លួន ដែលហេតុនេះធ្វើឲ្យមានករណីស្ទួនអ្នកចុះឈ្មោះបោះឆ្នោត។
ជាមួយគ្នានេះ ឯកឧត្តម ហង្ស ពុទ្ធា បញ្ជាក់ថា ដំណើរការផ្ទៀងផ្ទាត់ត្រូវធានាអំពីភាពត្រឹមត្រូវ និងច្បាស់លាស់មុនធ្វើការបិទផ្សាយជាតាមការិយាល័យឃុំ-សង្កាត់ នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ដើម្បីអាចឲ្យប្រជាពលរដ្ឋ ឬភាគីពាក់ព័ន្ធអាចដាក់ពាក្យបណ្តឹង មុនបញ្ជីឈ្មោះបោះឆ្នោតត្រូវបានប្រកាសសុពលភាពជាបញ្ជីផ្លូវការនាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។
គួរបញ្ជាក់ថា ក្នុងដំណើរការចុះឈ្មោះបោះឆ្នោតតាមឃុំ-សង្កាត់នៅទូទាំងប្រទេសដែលបិទបញ្ចប់កាលពីថ្ងៃទី៨ ខែធ្នូ មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មីចំនួនជិត៦០ម៉ឺននាក់, អ្នកដែលត្រូវលុបចេញពីបញ្ជីឈ្មោះបោះឆ្នោត ជាង២៦ម៉ឺននាក់, អ្នកកែតម្រូវទិន្នន័យជាង៦ម៉ឺននាក់ និងអ្នកផ្ទេរទំលំនៅចូលឃុំ-សង្កាត់ថ្មីចំនួន ជាង១៨ម៉ឺននាក់ ខណៈចំនួនប៉ាន់ស្មានអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួន ៩,៧ លាននាក់៕អត្ថបទ សេក ឧត្តម