កែប៖ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានអះអាងថា រដ្ឋបាលខេត្ត បានខិតខំប្រឹងប្រែងគិតគូរលើបញ្ហាធំៗចំនួន៣ គឺការថែរក្សាសន្តិភាព ស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការកែលម្អសោភ័ណភាព ដើម្បីបង្កើតបរិយាកាសសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋមកកម្សាន្ត។
ការថ្លែងរបស់ឯកឧត្តម អភិបាលខេត្តកែប យ៉ាងដូច្នេះ នាឱកាសដែរក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ នៅខេត្តកែប, កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២។
ឯកឧត្តម សោម ពិសិដ្ឋ បានលើកឡើងទៀតថា ការគិតគូរ និងដោះស្រាយចំពោះបញ្ហាធំៗទាំង៣នោះ ទី១៖ គឺសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការកែលម្អសោភ័ណភាព និងការគ្រប់គ្រងកាកសំណល់រឹងរាវ(សំរាម-ទឹកស្អុយ), ទី២៖ ការកែលម្អសោភ័ណភាព ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្នែករឹង ជារូបវន្ត(ផ្លូវថ្នល់-សំណង់សិល្បៈការផ្សេងៗ តាមដងវិថីសំខាន់ៗ) និងទី៣៖ ខិតខំបង្កើតបរិយាកាសផ្សេងៗ ដើម្បីឲ្យភ្ញៀវជាតិ និងអន្តរជាតិ មកកម្សាន្តក្នុងខេត្តកែប ឋិតក្នុងប្រទេសជាតិយើងមានសុខសន្តិភាពពេញបរិបូរ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម សោម ពិសិដ្ឋ បានបន្ថែមទៀតថា ព្រឹត្តការណ៍ចុងឆ្នាំ២០២២ ដែលរដ្ឋបាលខេត្តរៀបចំឡើងនេះ ជាលក្ខណៈយុទ្ធសាស្រ្តនយោបាយ និងបង្ហាញជាលក្ខណៈប្រសិទ្ធភាពការងារបង្កើនជីវភាពចំណូលដល់ប្រជាជនក្នុងមូលដ្ឋាន និងបង្ហាញពីសក្តានុពលធនធានធម្មជាតិ ភាពស្រស់ស្អាតរបស់ខេត្តកែប។
អភិបាលខេត្តកែប បានបញ្ជាក់ថា គ្រប់ព្រឹតិ្តការណ៍ដែលរដ្ឋបាលខេត្តបានរៀបចំ គឺដើម្បីបង្ហាញសក្តានុពលរបស់ខេត្ត ព្រោះថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងមួយឆ្នាំៗ បានមកកម្សាន្តនៅក្នុងខេត្ត មិនក្រោម១លាន៥សែននាក់នោះទេ មុនសម័យកាលកូវីដ-១៩។ គិតត្រឹម៩ខែ ដើមឆ្នាំ២០២២ ខេត្តកែប ទទួលបានភ្ញៀវទេសចរ ជាង៩សែននាក់ ៕ អត្ថបទ រដ្ឋា
