អ៊ុយក្រែន៖ ប្រទេស និងស្ថាប័នចំនួនប្រមាណ ៧០ បានសន្យាផ្តល់ជំនួយបន្ទាន់ជាង ១.០៥ពាន់លានដុល្លារដើម្បីជួយប្រទេសអ៊ុយក្រែនឆ្លងកាត់រដូវរងាត្រជាក់ខ្លាំង។ កងកម្លាំងរុស្ស៊ីបានវាយលុកលើបណ្តាញថាមពលរបស់ប្រទេសអ៊ុយក្រែន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសំខាន់ៗផ្សេងទៀត បណ្តាលឱ្យមនុស្សជាច្រើនគ្មានអគ្គិសនីប្រើប្រាស់ និងឧបករណ៍កម្តៅដែលជាតម្រូវការចាំបាច់ក្នុងរដូវរងា។

ប្រទេសបារាំងបានទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំមួយ ដើម្បីពិភាក្សាអំពីអ្វីដែលអាចត្រូវបានផ្តល់ឲ្យដើម្បីទទួលបានទឹក ស្បៀងអាហារ ថាមពល សុខភាព និងការដឹកជញ្ជូន។ រដ្ឋមន្ត្រីការបរទេសលោកស្រី Catherine Colonna និយាយថា លោកស្រីកំពុងនិយាយអំពីកិច្ចខិតខំប្រឹងប្រែងដែលមានតម្លៃសរុប ១២៥លានអឺរ៉ូចាប់ពីថ្ងៃនេះរហូតដល់ចុងខែមីនាជាចុងបញ្ចប់នៃរដូវរងា ដែលជាការរួមចំណែករបស់ប្រទេសបារាំង ដើម្បីជួយជាបន្ទាន់ដល់ប្រជាជនអ៊ុយក្រែនក្នុងការរស់រានមានជីវិត។ នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal និយាយនៅទីក្រុងប៉ារីសថា អ៊ុយក្រែនពិតជាអរគុណចំពោះជំនួយនេះ។ លោកមានឱកាសជួបជាមួយអ្នកតំណាងមកពីអង្គការម្ចាស់ជំនួយ ហើយសម្រាប់ពួកយើងនៅអ៊ុយក្រែននេះគឺជាសញ្ញាដ៏មានឥទ្ធិពលមួយ ដើម្បីបង្ហាញថាពិភពលោកទាំងមូលកំពុងគាំទ្រអ៊ុយក្រែន។

សន្និសីទនេះក៏ជាឱកាសសម្រាប់ប្រធានាធិបតីបារាំងលោក Emmanuel Macron ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយអ៊ុយក្រែន។ កិច្ចប្រជុំនេះបានបង្កើតយន្តការមួយ សម្រាប់អ៊ុយក្រែនក្នុងការបញ្ជូនតម្រូវការបន្ទាន់របស់ខ្លួន។ ជំនួបលើកទីពីររវាងប្រទេសបារាំង អ៊ុយក្រែន និងក្រុមហ៊ុនបារាំងចំនួនប្រមាណ ៥០០ នឹងពិនិត្យមើលអ្វីដែលអាចត្រូវបានវិនិយោគដើម្បីជួយដល់ទីក្រុង Kyiv ក្នុងរយៈពេលខ្លីរហូតដល់រយៈពេលវែង៕
អត្ថបទ៖ ប៊ុនថន