បាល់ទាត់៖ ទង់ជាតិ អាវក្រុមជម្រើស និងផ្ទាំងប៉ាណូដែលមានរូបកីឡាករដាក់តាំងបង្ហាញពេញទីក្រុង Rabat មុនការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup របស់ម៉ារ៉ុកទល់នឹងបារាំងយប់នេះ ប៉ុន្តែក្រុមនឹងមានការគាំទ្រច្រើនពីចម្ងាយជាក្រុមអារ៉ាប់ ឬអាហ្វ្រិកដំបូងគេដែលឡើងមកកាន់វគ្គនេះ។

នៅក្នុងប្រទេសអារ៉ាប់ ការបង្កើតប្រវត្តិសាស្ត្រនៅ World Cup របស់ម៉ារ៉ុកបានចាប់យកការស្រមើស្រមៃរបស់ប្រជាជនអារ៉ាប់អំឡុង World Cup លើកដំបូងនៅលើទឹកដីអារ៉ាប់។ ម៉ារ៉ុកបានធ្វើរឿងហួសពីការរំពឹងទុកនៅ World Cup ដោយបានយកឈ្នះក្រុមកំពូលៗលើលោក ដូចជាឈ្នះប៊ែលហ្ស៊ិកនៅក្នុងពូល ឈ្នះអេស្ប៉ាញនៅវគ្គ ១៦ក្រុម និងឈ្នះព័រទុយហ្កាល់វគ្គ ៨ក្រុម។ ប៉ុន្តែទង់ជាតិម៉ារ៉ុកក៏កំពុងលក់អស់ពាសពេញទ្វីបអាហ្វ្រិកខាងជើង និងមជ្ឈិមបូព៌ា ខណៈដែលអ្នកគាំទ្រប្រញាប់ប្រញាល់ស្វែងរកវត្ថុអនុស្សាវរីយ៍ ដើម្បីលើកទឹកចិត្តក្រុម។ Karim Mohammed Qotb អ្នកលក់តាមចិញ្ចើមផ្លូវនៅទីក្រុងគែរប្រទេសអេស៊ីបបាននិយាយថា មានតម្រូវការចង់បានទង់ជាតិម៉ារ៉ុកជាច្រើននៅទីនេះ ទោះបីពួកគេមិនមែនជាជនជាតិម៉ារ៉ុកក្តី ព្រោះម៉ារ៉ុកប្រទេសអារ៉ាប់ដំបូងគេដែលឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
នៅតំបន់ហ្គាហ្សាប៉ាឡេស្ទីន លោក Eyad Abu Teir កំពុងដើរទិញឥវ៉ាន់ដើម្បីគាំទ្រម៉ារ៉ុក។ គាត់បាននិយាយថា "ជ័យជម្នះរបស់ម៉ារ៉ុកគឺជាជ័យជម្នះសម្រាប់ប្រជាជាតិអារ៉ាប់ទាំងមូល ហើយយើងជាប្រជាជនអារ៉ាប់ទាំងអស់គួរតែរួបរួមគ្នាតែមួយពេលនេះ"។ សូម្បីតែទៅដល់ប្រទេសអ៊ីរ៉ាក់ ប្រជាជននៅទីនោះបាននិយាយថា ពួកគេរំភើបចិត្តលើសការរំពឹងទុក មិននឹកស្មានថាប្រទេសអារ៉ាប់ធ្វើបានល្អបែបនេះ។ Salam Rabiea វិស្វករនៅទីក្រុងបាកដាដបាននិយាយថា "វាគឺជាការប្រកួតល្អបំផុតរបស់ជនជាតិអារ៉ាប់ ដែលយើងមិនធ្លាប់បានឃើញក្នុងនាមជាអ្នកគាំទ្របាល់ទាត់ និងជាសមិទ្ធិផលដ៏អស្ចារ្យ"។ ជំនួបរវាងម៉ារ៉ុក និងបារាំងយប់នេះត្រូវបានគេដឹងថា នឹងមានការតាមដានច្រើនលើសពីការរំពឹងទុក តាមរយៈការគាំទ្រក្រុមម៉ារ៉ុកគ្រប់ទិសទីទាំងនៅអាហ្វ្រិក និងអារ៉ាប់៕
អត្ថបទ៖នាង សុភាវុធ