បាល់ទាត់៖ ខ្សែប្រយុទ្ធប្រេស៊ីល និង Tottenham Hotspur, Richarlison នឹងត្រូវសម្រាកនៅក្រៅទីលានយ៉ាងហោចណាស់ ១ខែដោយសាររបួសសរសៃពួរតាំងពីពេលប្រេស៊ីលចាញ់ក្រូអាស៊ីនៅ World Cup វគ្គ ៨ក្រុមចុងក្រោយ។ Spurs រំពឹងថា Richarlison នឹងសម្រាកប្រហែលពីររឺបីសប្តាហ៍ប៉ុណ្ណោះ តែនៅរង់ចាំការវិភាគពីអ្នកក្រុមគ្រូពេទ្យ។

កីឡាករវ័យ ២៥ឆ្នាំរូបនេះត្រូវបានផ្លាស់ចេញនៅនាទីទី៨៤ ក្នុងការប្រកួតដែលប្រេស៊ីលចាញ់ក្រូអាស៊ី ៤-២ ដោយបាល់ ១១ម៉ែត្រកាត់សេចក្តី តែរកបាន ៣គ្រាប់ក្នុងការបង្ហាញខ្លួន ៤ប្រកួតនៅ World Cup ឆ្នាំនេះ។ Richarlison បានក្លាយជាកីឡាកររបស់ Spurs មួយរូបទៀតដែលមានរបួសក្នុងរដូវកាលនេះ បន្ទាប់ពី Dejan Kulusevski, Cristian Romero និង Heung-min Son។
របួសរបស់ Richarlison មានន័យថា Harry Kane នឹងមិនមានពេលសម្រាកក្រោយចប់ World Cup ឡើយ ខណៈ Spurs ត្រូវទៅទឹកដី Brentford នៅថ្ងៃទី២៦ ខែធ្នូនៅពេល Premier League ត្រលប់មកវិញ។ រំលឹកថា Richarlison បានអវត្តមាន ៦ប្រកួតរួចហើយជាមួយ Spurs មុន World Cup ដោយសាររបួសកំភួនជើង៕
អត្ថបទ៖នាង សុភាវុធ