កំពត ៖ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ៩:០០ព្រឹក កម្លាំងអធិការដ្ឋាននគរបាលស្រុកឈូក បានធ្វើការឃាត់រថយន្តម៉ាកសាំងយ៉ុងពណ៌ទឹកប្រាក់ មានស្លាកលេខ ភំ្នពេញ 2AH-0465 នៅភូមិអង្គឃ្លៃ ឃុំត្រម៉ែង ស្រុកឈូក ដែលបានលួចដឹកជនជាតិចិនចំនួន ១៤នាក់ ចេញពីខេត្តព្រះសីហនុមកខេត្តកំពត ឆ្លងកាត់ភូមិសាស្ត្រឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូកខេត្តកំពត។
តាមការអោយដឹងពីសមត្ថកិច្ចស្រុកឈូកបានអោយដឹងថា ជនជាតិចិនទាំង ១៤នាក់ខាងលើ (ប្រុសទាំង១៤នាក់) បានលួចចេញពីខេត្តព្រះសីហនុ ហើយឆ្លងកាត់តាមខេត្តកំពតតាមរយៈរថយន្តសាំយ៉ុងពណ៌ទឹកប្រាក់ខាងលើ លុះមកដល់ស្រុកឈូក ក្នុងភូមិសាស្ត្រឃុំតេជោអភិវឌ្ឍន៍ ក៏ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកឈូក ឃាត់រថយន្តដើម្បីធ្វើការត្រួតពិនិត្យ ហើយបានឃាត់ខ្លួនបានជនជាតិចិនទាំង១៤នាក់នោះ រីឯអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ ហើយទង្វើគឺជាការល្មើសបម្រាមរបស់រាជរដ្ឋាភិបាលដែលហាមមិនអោយមានការឆ្លងកាត់រវាងខេត្តនិងខេត្ត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។
បច្ចុប្បន្នជនជាតិចិនទាំង១៤នាក់ខាងលើ ត្រូវបានបញ្ជូនមកដាក់នៅក្នុងអាគារសហគមន៍អ្នកផលិតអំបិលកំពត-កែប ដើម្បីធ្វើចត្តាឡីស័ក ហើយករណីនេះ សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពត បាននឹងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕



