UN៖ អង្គការសហប្រជាជាតិកាលពីថ្ងៃពុធ បានបោះឆ្នោតដកអ៊ីរ៉ង់ចេញពីគណៈកម្មការសិទ្ធិស្ត្រី ក្រោយយុទ្ធនាការចម្រុះដោយសហរដ្ឋអាមេរិក ជុំវិញការបង្ក្រាបដ៏សាហាវរបស់ទីក្រុងតេអេរ៉ង់លើការតវ៉ាដឹកនាំដោយក្រុមស្ត្រី។
ក្រុមសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យអ៊ីរ៉ង់ បានអបអរសាទរការដកសាធារណរដ្ឋអ៊ីស្លាមមួយនេះ ចេញពីគណៈកម្មការស្ថានភាពស្ត្រីរបស់អង្គការសហប្រជាជាតិ (UNCSW) សម្រាប់អាណត្តិឆ្នាំ២០២២ ដល់២០២៦ របស់ខ្លួន។ សំឡេងភាគច្រើនត្រូវការជាចាំបាច់ដើម្បីអនុម័តលើចំណាត់ការ ដែលត្រូវបានស្នើដោយសហរដ្ឋអាមេរិក ត្រូវបានជំទាស់ដោយក្រុមសម្ព័ន្ធមិត្តអ៊ីរ៉ង់មានរុស្ស៊ី និងចិន និងក្លាយជាជ័យជម្នះខាងផ្នែកការទូតសម្រាប់ទីក្រុង Washington។ សមាជិកចំនួន២៩ នៃក្រុមប្រឹក្សាសេដ្ឋកិច្ច និងសកម្មរបស់អង្គការសហប្រជាជាតិហៅកាត់ថា (ECOSOC) បានបោះឆ្នោតគាំទ្រ, ៨ប្រទេសបានបោះឆ្នោតប្រឆាំង និង ១៧ប្រទេសបោះឆ្នោតអនុបវាទ។
ប្រទេសអ៊ីរ៉ង់ត្រូវបានធ្លាក់ក្នុងភាពច្របូកច្របល់ដោយសារបាតុកម្មប្រឆាំងរដ្ឋាភិបាល ចាប់តាំងពីករណីស្លាប់ស្ត្រីវ័យក្មេងវ័យ ២២ឆ្នាំ នាង Masha Amini កាលពីថ្ងៃទី១៦ ខែកញ្ញាអំឡុងឃាត់ខ្លួន ជាស្ត្រីជនជាតិឃឺដអ៊ីរ៉ង់ម្នាក់ដែលបានចាប់ខ្លួនពីបទបំពានច្បាប់ស្លៀកពាក់ សម្រាប់ស្ត្រីដ៏តឹងរ៉ឹងរបស់ប្រទេសនេះ។ ចាប់តាំងពីពេលនោះមក ក្រុមអាជ្ញាធរបានចាប់ខ្លួនមនុស្សរាប់ពាន់នាក់ក្នុងការបង្ក្រាប លើអ្វីដែលពួកគេចាត់ទុកជាកុបកម្ម និងបានកាត់ទោសប្រហារជីវិតយ៉ាងហោចណាស់ ១១នាក់ជាប់ពាក់ព័ន្ធករណីតវ៉ានានាទូទាំងប្រទេស៕ អត្ថបទ៖ សុខមាន

