អេឡិចត្រូនិក៖ ក្រុមកីឡាអេឡិចត្រូនិកកម្ពុជា Impunity KH បានក្លាយជាក្ដីសង្ឃឹមថ្មីមួយសម្រាប់សហព័ន្ធក្នុងដំណើរឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ បន្ទាប់ពីពួកគេបានបើកទំព័រប្រវត្តិសាស្ដ្រដណ្ដើមបានមេដាយសំរឹទ្ធលើកដំបូង នៅក្នុងការប្រកួតកីឡាអេឡិចត្រូនិកជើងឯកពិភពលោកលើកទី១៤ (14TH IESF World Esport Championship) ឆ្នាំ២០២២ កាលពីសប្ដាហ៍កន្លងទៅ។
លោក លន់ សាមាឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាបានឲ្យដឹងថា ព្រឹត្តិការណ៍រៀបចំដោយសហព័ន្ធកីឡាអេឡិចត្រូនិកអន្តរជាតិបានធ្វើនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ដោយចំណាយពេលជាង ១សប្ដាហ៍ ទើបរកឃើញក្រុមជ័យលាភី។ ចំពោះការប្រកួតគឺចែកចេគជា ៦វិញ្ញាសារួមមានវិញ្ញាសា eFootball, Dota2, Tekken, CS: Go, Mobile Legends: Bang Bang និង PUBG Mobile ដែលមានអត្តពលិកអេឡិចត្រូនិកមកពីទូទាំងពិភពលោកជាង ៧០០នាក់ចូលរួមមកពី ១០៧ប្រទេស ក្នុងនោះក៏មានវត្តមានក្រុមតំណាងកម្ពុជា ១ក្រុមដែរគឺក្រុម Impunity KH ដែលប្រកួតវិញ្ញាសា Mobile Legends: Bang Bang។
ជាលទ្ធផលការប្រកួត ក្រុម Impunity KH របស់កម្ពុជាបានឆ្លងកាត់ ៤ប្រកួតគឺឈ្នះ ២ប្រកួត និងចាញ់ ២ប្រកួតក្នុងនោះប្រកួតទី១ ក្រុមកម្ពុជាឈ្នះក្រុមជម្រើសជាតិណាមីប៊ី ២-០, ប្រកួតទី២ ឈ្នះក្រុមម៉ាឡេស៊ី ២-១ ប៉ុន្តែចាញ់ឥណ្ឌូនេស៊ី ២-១ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកម្រិតខ្ពស់ និងចាញ់ហ្វីលីពីន ២-០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកម្រិតទាប ដែលនាំឲ្យក្រុមកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣ ឬមេដាយសំរឹទ្ធ អមប្រាក់រង្វាន់ ២ម៉ឺនដុល្លារ ខណៈក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ីឈ្នះមេដាយមាស អមប្រាក់រង្វាន់ ៥ម៉ឺនដុល្លារ និងក្រុមហ្វីលីពីនឈ្នះមេដាយប្រាក់ អមប្រាក់រង្វាន់ ៣ម៉ឺនដុល្លារ។
អគ្គលេខាធិការសហព័ន្ធបានបន្ដថា ទោះបីក្រុមកម្ពុជាទទួលបានត្រឹមមេដាយសំរឹទ្ធ តែសមិទ្ធផលនេះស្ដែងឲ្យឃើញភាពរីកចម្រើនរបស់ក្រុមកីឡាអេឡិចត្រូនិកកម្ពុជាលើវិញ្ញាសា Mobile Legends: Bang Bang។ នេះគឺជាជោគជ័យដ៏ធំធេងសម្រាប់សហព័ន្ធក្នុងរយៈពេល ៤-៥ឆ្នាំចុងក្រោយ ដែលក្រុមកីឡាអេឡិចត្រូនិកកម្ពុជាដណ្ដើមបានមេដាយសំរឹទ្ធកម្រិតពិភពលោកផ្លូវលើកដំបូង ហើយក៏ជាក្ដីសង្ឃឹមសម្រាប់សហព័ន្ធ ក៏ដូចជាក្រុមកីឡាអេឡិចត្រូនិកកម្ពុជា សម្រាប់ការត្រៀមធ្វើម្ចាស់ផ្ទះ និងប្រជែងមេដាយនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នាឆ្នាំ២០២៣ ខាងមុខផងដែរ៕
អត្ថបទ៖ លី ឈុនឡា