បាល់ទាត់៖ ក្រុមការពារតំណែងជើងឯកបារាំង បានបញ្ចប់ដំណើរផ្សេងព្រេងរបស់ម៉ារ៉ុកក្រោយជ័យជំនះ ២-០ ដើម្បីឡើងវគ្គផ្តាច់ព្រ័ត្រ World Cup ថ្ងៃអាទិត្យនេះជួបអាហ្សង់ទីន។

ក្រុមអាហ្វ្រិកដំបូងដែលបានឡើងមកកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ចាប់ផ្តើមការប្រកួតដោយត្រូវបានបារាំងនាំមុខតាំងពីដើមទីនាទីទី៥ ដោយខ្សែការពារ Theo Hernandez។ បារាំងដែលមានបទពិសោធន៍ពេញលេញលើឆាកអន្តរជាតិ ជាពិសេសនៅ World Cup បានគ្រប់គ្រងស្ថានការណ៍ទាំងស្រុង បើទោះបីម៉ារ៉ុកព្យាយាមវាយសម្រុក និងគ្រប់គ្រងបាល់ ៦១% លើបារាំង។ ឱកាសស៊ុត ១៣លើករបស់ម៉ារ៉ុកចំគោល ៣លើកតែមិនសម្រេចឡើយ ខណៈបារាំងមានឱកាសស៊ុត ១៤លើកចំគោលដៅ ៣ និងសម្រេចទីបានមួយគ្រាប់ទៀតនៅនាទីទី៧៩ ដោយកីឡាករបម្រុង Randal Kolo Muani។

បារាំងនៅពេលនេះនៅខ្វះតែមួយជំហ៊ានទៀតប៉ុណ្ណោះ ក្នុងការក្លាយជាក្រុមដំបូងដែលអាចការពារជើងឯក World Cup បានក្នុងរយៈពេល ៦០ឆ្នាំបន្ទាប់ពីប្រេស៊ីលដែលធ្វើបានពីរលើកជាប់គ្នានៅឆ្នាំ១៩៥៨ និង ១៩៦២។ វគ្គផ្តាច់ព្រ័ត្របារាំងនឹងត្រូវជួបជាមួយអាហ្សង់ទីននៅកីឡដ្ឋាន Lusail ថ្ងៃអាទិត្យនេះ និងជាជំនួបសងសឹកសម្រាប់អាហ្សង់ទីនដែលធ្លាប់ចាញ់បារាំង ៤-៣ កាលពីបួនឆ្នាំមុននៅរុស្ស៊ី៕
អត្ថបទ៖នាង សុភាវុធ