ភ្នំពេញ ៖ ក្នុងត្រីមាសទី១ ឆ្នាំ២០២១ មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគសរុបចំនួន ៣,៨៥០,២៧៨, ៦៦៣រៀល( បីពាន់ប្រាំបីរយហាសិបលាន ម្ភៃប្រាំពីរម៉ឺនប្រាំបីពាន់ ប្រាំមួយរយហុកសិបបីរៀល ) ដែលស្មើរនឹងជាង៩៥ម៉ឺនដុល្លារ និងលុយដុល្លាចំនួន ៣,២២៨,៦៦៨ ដុល្លារអាមេរិក ដោយគិតរួមទាំងថវិកាបរិច្ចាគចំនួន ២៦២,៩២៩,៥០០ រៀល និង ៤៨១,៦៣៧ ដុល្លារអាមេរិក ដែលសប្បុរសជន បានបរិច្ចាគដោយផ្ទាល់នៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងចំនួន ៧៨,៧៣២,៩០០ រៀល និង ៥១,៦៨១ ដុល្លារអាមេរិក នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ (ឬមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប)។
ក្នុងត្រីមាសទី១ ឆ្នាំ២០២១ នេះដែរ, មូលនិធិគន្ធបុប្ផាកម្ពុជា ក៏បានផ្ទេរថវិកាចំនួន ៣,០០៩,២៩៦ ដុល្លារអាមេរិក ជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីរក្សានិរន្តរភាព នៃកិច្ចដំណើរការក្នុងការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺដល់ទារក និង កុមារ ដោយឥតគិតថ្លៃ និងប្រកបដោយគុណភាព។
ដោយឡែកសម្រាប់ខែមីនា ឆ្នាំ២០២១នេះ, មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគសរុបចំនួន ៨៩៩,២១២,៤៨៩ រៀល និង ៤៦,៣១១ ដុល្លារអាមេរិក ពីសប្បុរសជន ១៤,៤៧៧ រូប ដែលរួមមានស មាជិកកិត្តិយស ៣ រូប,សមាជិកគាំទ្រ ១៣,៦៣០រូប និងសប្បុរសជនផ្សេងៗ ៨៤៤រូប។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនសប្បុរសជនទាំងអស់ ដែលតែងតែផ្តល់ការគាំទ្រ និងបរិច្ចាគនូវថវិកាសម្រាប់ទ្រទ្រង់ និងធានាឲ្យបាន នូវកិច្ចដំណើរការប្រកបដោយចីរភាព ប្រសិទ្ធភាព និងគុណភាព ព្រមទាំងមិនមានការរើសអើង នៅមន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំង សំដៅលើកកម្ពស់សុខុមាលភាព របស់កុមារ និងទារក នៅកម្ពុជា និងសូមលើកទឹកចិត្តដល់សាធារណជន ព្រមទាំងស្ថាប័នរដ្ឋ និងឯកជននានា ឲ្យបន្តចូលរួមបរិច្ចាគជាមួយ មូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈការចូលជា សមាជិកកិត្តិយស ដោយបរិច្ចាគចាប់ពី ២០,០០០,០០០រៀល/៥ ០០០ ដុល្លារអាមេរិក ក្នុងមួយឆ្នាំ ឬជាសមាជិកគាំទ្រ ដោយបរិច្ចាគចាប់ពី ៥,០០០រៀល ក្នុងមួយខែ/៦០,០០០រៀល ក្នុងមួយឆ្នាំ ដើម្បីបង្ហាញពីសាមគ្គីភាពក្នុងស្មារតី «ខ្មែរជួយខ្មែរ»៕
អត្ថបទ ៖ សូដាវណ្ណ 