កង់គួក៖ ក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិកង់គួក និងកង់ភ្នំទាំងអស់សរុប ១២នាក់នឹងចូលរួមប្រកួតកីឡាទោចក្រយានជើងឯកថ្នាក់ជាតិនាចុងខែធ្នូ ឆ្នាំ២០២២ ដើម្បីបង្កើនគុណភាពបច្ចេកទេសឲ្យបានខ្ពស់ ក៏ដូចជាស្គាល់ស្ថានភាពផ្លូវប្រកួតកាន់តែច្បាស់ ក្នុងការសម្រួចគោលដៅឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេមឆ្នាំ២០២៣។
លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយានបានបញ្ជាក់ថា ជើងឯកថ្នាក់ជាតិឆ្នាំនេះគ្រោងធ្វើការប្រកួតពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ នៅខេត្តសៀមរាបគឺសហព័ន្ធបានត្រៀមខ្លួនរួចរាល់ និងយកចិត្តទុក ដាក់ខ្ពស់បំផុត ដោយផ្តល់ឱកាសដល់ក្រុមជម្រើសជាតិរបស់ខ្លួនទាំង ១២នាក់ក្នុងនោះមានកីឡាករ ៨នាក់ និងកីឡាការិនី ៤នាក់ចូលរួមប្រកួតប្រជែងមេដាយជាមួយកីឡាករ-កីឡាការិនីមកពីបណ្តាក្លិបផ្សេងៗ ក្នុងការប្រកួតកម្រិតខ្ពស់បំផុតនៃព្រឹត្តិការណ៍ប្រចាំឆ្នាំមួយនេះ។ សម្រាប់ការរៀបចំផ្លូវប្រកួតទាំងផ្នែកកង់គួក និងកង់ភ្នំនៅខេត្តសៀមរាបក្នុងព្រឹត្តិការណ៍ជើងឯកថ្នាក់ជាតិនេះ គឺជាផ្លូវដែលរៀបចំការប្រកួតកីឡាជាតិលើកទី៣ កាលពីពេលកន្លងទៅថ្មីៗ ហើយ ក៏ជាផ្លូវប្រកួតសម្រាប់គោលដៅស៊ីហ្គេម ២០២៣ ដូចគ្នា។
ដូច្នេះក្រុមជម្រើសជាតិទាំង ១២នាក់ដែលកំពុងបោះជំរំហ្វឹកហាត់ជាប់ជាប្រចាំនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប នឹងត្រៀមចូលរួមប្រកួតទាំងអស់គ្នាតែម្តង ដើម្បីបានវាស់ស្ទង់បន្ថែមនូវកម្រិតសមត្ថភាព សិទ្ធផលដែលបានហ្វឹកហាត់កន្លងមក។ យោងតាមសេចក្តីជូនដំណឹងស្តីពីការប្រកួតកីឡាទោចក្រយានជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២២ កាលពីថ្មីៗ សម្រាប់វិញ្ញាសាប្រកួតប្រភេទកង់គួករួមមាន៖ ១. កង់គួកបុរសថា្នល, ២. កង់គួកបុរសឈុតធំ និង៣. កង់គួកបុរស។ រីឯប្រភេទកង់ភ្នំរួមមាន ១. កង់ភ្នំបុរសថ្នាល, ២. កង់ភ្នំបុរសឈុតធំ, ៣. កង់ភ្នំនារី និង៤. កង់ភ្នំបុរស។ សម្រាប់ការចុះឈ្មោះចូលរួមប្រកួតព្រឹត្តិការណ៍ប្រចាំឆ្នាំនេះនឹងត្រូវបញ្ចប់នាថ្ងៃទី១៩ ខែធ្នូខាងមុខនៅទីស្នាក់ការសហព័ន្ធ ស្ថិតនៅអគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា៕
អត្ថបទ៖ លី ឈុនឡា