សូម៉ាលី៖ យោងតាមអ្នកវិភាគរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងក្រុមផ្ដល់ជំនួយផ្សេងៗ ជនជាតិសូម៉ាលីជាង ២០០.០០០នាក់កំពុងរងគ្រោះដោយសារកង្វះស្បៀងអាហារធ្ងន់ធ្ងរបំផុត និងមនុស្សកាន់តែច្រើនទៀតកំពុងស្លាប់ដោយសារភាពអត់ឃ្លាន ដែលចំនួនអាចនឹងកើនឡើងដល់ជាង ៧០០.០០០នាក់នៅឆ្នាំក្រោយ។
ការចាត់ថ្នាក់ដំណាក់កាលសន្តិសុខស្បៀងចម្រុះ (IPC) ដែលកំណត់ស្តង់ដារសកលសម្រាប់កំណត់ភាពធ្ងន់ធ្ងរនៃវិបត្តិអាហារបាននិយាយថា កម្រិតធ្ងន់ធ្ងរបំផុតរបស់ខ្លួនគឺ "គ្រោះទុរ្ភិក្សដំណាក់កាលទី៥ របស់ IPC" ត្រូវបានលុបចោលជាបណ្តោះអាសន្ន ប៉ុន្តែបញ្ហាផ្សេងៗទៀតកាន់តែធ្ងន់ធ្ងរទៅៗ។ លោក Jens Laerke អ្នកនាំពាក្យការិយាល័យមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) បាននិយាយថា គ្រោះទុរ្ភិក្សនៅតែបន្តកើតមាន ប៉ុន្តែគ្មាននរណាដឹងថា តើវានឹងបន្តយូរប៉ុណ្ណាទៀតនោះទេ។
លោកប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុង Geneva បន្ទាប់ពីការចាត់ថ្នាក់ដំណាក់កាលសន្តិសុខស្បៀងចម្រុះចុងក្រោយនៅសូម៉ាលីថា មនុស្សកាន់តែច្រើនឡើងកំពុងស្លាប់ ដោយសារតែភាពអត់ឃ្លានដោយគ្មានការសង្ស័យ ប៉ុន្តែខ្ញុំមិនអាចកំណត់ចំនួនបានទេ។ គ្រោះរាំងស្ងួតរយៈពេល ២ឆ្នាំបានបំផ្លិចបំផ្លាញដំណាំ និងសត្វចិញ្ចឹមទូទាំងតំបន់ដាច់ស្រយាលនៃប្រទេសនៅទ្វីបអាហ្វ្រិក ខណៈដែលតម្លៃស្បៀងអាហារនាំចូលបានកើនឡើងខ្ពស់ ដោយសារតែសង្គ្រាមនៅអ៊ុយក្រែន៕
អត្ថបទ៖ សុខមាន