ភ្នំពេញ៖ គ្រូបង្រៀននៅតាមបណ្ដារាជធានី-ខេត្ត រួមទាំងមន្ត្រីអង្គការសង្គមស៊ីវិលមួយចំនួន កំពុងបង្កើន និងពង្រីកចំណេះដឹងបែបអក្ខកម្មឌីជីថល ដើម្បីយកទៅបង្រៀនបន្តដល់សិស្សានុសិស្ស រួមទាំងប្រជាពលរដ្ឋ នៅតាមសហគមន៍ ខណៈវិស័យនេះ កំពុងអភិវឌ្ឍន៍ខ្លាំងនៅលើពិភពលោក ។
ក្នុងវគ្គបណ្ដុះបណ្ដាល ស្តីពីអក្ខកម្មឌីជីថលអាស៊ាន នៅថ្ងៃទី១៥ ខែធ្នូ នេះ លោក ស សុផាណាក់ ប្រធានសម្របសម្រួលផ្នែកបច្ចេកវិទ្យាអប់រំ នៃអង្គការខេប បានលើកឡើងថា នាប៉ុន្មានឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជា មានការយកចិត្តដាក់ខ្លាំងទៅវិស័យឌីជីថល ក៏ដូចជាបានជំរុញ និងអំពាវនាវដល់ស្ថា ប័នរដ្ឋ និងអង្គការដៃគូ ជួយពង្រីកចំណេះដឹងឌីជីថល ឲ្យមានការទទួលបានយ៉ាងទូលំទូលាយ ។
លោក បានបន្តថា ទន្ទឹមនឹងគោលបំណងរបស់រាជរដ្ឋាភិបាល ទើបអង្គការខេប និងដៃគូ បានរៀប ចំវគ្គនេះឡើង ដើម្បីផ្ដល់ចំណេះដឹងបន្ថែមដល់គ្រូបង្រៀន និងបុគ្គលិកអង្គការមួយចំនួន ពាក់ព័ន្ធនឹងអក្ខកម្មឌីជីថល អក្ខកម្មព័ត៌មាន ដើម្បីឲ្យពួកគាត់យកទៅបង្រៀនបន្តដល់សិស្ស និងពលរដ្ឋនៅតាមសហគមន៍ ឲ្យចេះប្រើប្រាស់បច្ចេកវិទ្យានេះ និងចេះថ្លឹងថ្លែងព័ត៌មាន ដែលត្រូវបានបង្ហោះលើប្រព័ន្ធឌីជីថល មុននឹងចែកចាយបន្ត ។
ក្នុងនាមជាអង្គការដៃគូលើការងារអភិវឌ្ឍវិស័យអប់រំ លោក ស សុផាណាក់ បានបង្ហាញការគាំទ្រ ដល់ក្រសួងអប់រំ យុវជន និងកីឡា ចំពោះការបង្រៀនសិស្សតាមអនឡាញ ពិសេសនៅអំឡុងការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ដែលមានការថតជាវីដេអូផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថលជាដើមនោះ ខណៈអង្គការខេប ក៏បានចូលរួមក្នុងការងារនេះមួយចំនួនផងដែរ ។
វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១៥-១៦ ខែធ្នូ នេះ ដែលរៀបចំដោយ អង្គការខេប សហការជាមួយមូលនិធិអាស៊ាន គាំទ្រដោយ Google ហើយវគ្គបណ្ដុះបណ្ដាលនេះ មិនមែន នៅតែកម្ពុជាមួយប៉ុណ្ណោះទេ គឺធ្វើនៅគ្រប់ប្រទេសជាសមាជិកអាស៊ាន ៕អត្ថបទ៖ បាន សុខរិទ្ធិ