ភ្នំពេញ៖ គិតត្រឹមដំណាច់ត្រីមាសទី៣ ឆ្នាំ២០២២នេះ រួមបញ្ចូលទាំងបំណុលមរតកកម្ពុជា មានសន្និធិបំណុលសាធារណៈសរុបចំនួន ៩.៤៧ ប៊ីលានដុល្លារអាមេរិក ដែលឆ្លុះបញ្ចាំងថា ស្ថានភាពបំណុលសាធារណៈកម្ពុជា នៅតែមានចីរភាព និងហានិភ័យកម្រិតទាប។
យោងតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ បានឱ្យដឹងថា គិតត្រឹមដំណាច់ត្រីមាសទី៣ ឆ្នាំ២០២២នេះ រួមបញ្ចូលទាំងបំណុលមរតក កម្ពុជាមានសន្និធិបំណុលសាធារណៈសរុបចំនួន ៩.៤៧ ប៊ីលានដុល្លារអាមេរិក ក្នុងនោះ ៩.៤៦ប៊ីលានដុល្លារ ជាបំណុលសាធារណៈក្រៅប្រទេស ដែលស្មើ ៩៩.៨៩% និង១០.១៥លានដុល្លារ ឬប្រមាណ ០.១១% ជាបំណុលសាធារណៈក្នុងប្រទេស។
គិតចាប់ពីត្រីមាសទី១ ដល់ត្រីមាសទី៣ ឆ្នាំ២០២២នេះ កម្ពុជាបានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី ជាមួយដៃគូអភិវឌ្ឍន៍នានា ចំនួន ១ ២១៧.៩០ លានដុល្លារអាមេរិក ស្មើនឹង ៩៤៩. ៨៣ លានដុល្លារអេសដេអ៊ែរ ឬស្មើនឹង៥៩% នៃពិដានដែលច្បាប់អនុញ្ញាត។ ក្នុងនោះក្របខ័ណ្ឌទ្វេភាគីមានប្រមាណ ៦៨% និងពហុភាគី មានប្រមាណ ៣២%។
ក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ថា គោលដៅនៃការចុះកិច្ចព្រមព្រៀងឥណទានថ្មីទាំងនេះ គឺសម្រាប់បំពេញតម្រូវការហិរញ្ញប្បទាន ក្នុងវិស័យអទិភាពរបស់រាជរដ្ឋាភិបាល សំដៅរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើនរយៈពេលវែង និងបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងថា លទ្ធផលបឋមនៃការវិភាគចីរភាពបំណុល រហូតដល់ដំណាច់ឆ្នាំ២០២២ បង្ហាញថា បើទោះបីជាសេដ្ឋកិច្ចកម្ពុជា ទទួលរងនូវផលប៉ះពាល់ពីការរីករាលដាលនៃការវិបត្តិជំងឺកូវីដ១៩ និងពីកត្តាខាងក្រៅផ្សេងទៀតក្តី នៅតែស្ថិតក្នុងភាពអាចគ្រប់គ្រងបាន ពោលគឺនៅតែមានចីរភាព និងហានិភ័យកម្រិតទាបដដែល ដោយរាល់សូចនាករបំណុលគន្លឹះៗទាំងអស់សុទ្ធតែ ស្ថិតក្រោអនុបាតតម្លៃបច្ចុប្បន្ននៃបំណុលសាធារណៈក្រៅប្រទេសធៀបនឹង ផ.ស.ស មានត្រឹមកម្រិត ២៤.៩% ធៀបនឹងអនុបាតគោល ៤០%។
ក្នុងរយៈពេល៩ខែ រាជរដ្ឋាភិបាលកម្ពុជា បានទូទាត់សេវាបំណុល ជូនដៃគូអភិវឌ្ឍន៍ចំនួន ៤០៤.៥៧លានដុល្លារអាមេរិក កើនឡើង១៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះសម្រាប់ក្របខណ្ឌទ្វេភាគីចំនួន ៣១១.៦៧លានដុល្លារអាមេរិក និងពហុភាគីចំនួ ៩២.៩០លានដុល្លារអាមេរិក។
សូមបញ្ជាក់ផងដែរ ក្នុងចំណោមបំណុលសាធារណៈ សរុប ៩.៤៧ប៊ីលានដុល្លារអាមេរិកនេះ ក្នុងនោះកម្ពុជាជំពាក់ចិនចំនួន ៤១%, ជប៉ុន ១០%, កូរ៉េ ៥%, បារាំង ៥%, បំណុលមរតក មានចំនួន ៧% , ADB ២០%, ធនាគារពិភពលោក ៩% និងពហុភាគីផ្សេងទៀត៕អត្ថបទ វណ្ណៈ
