WHO៖ ប្រធានអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បាននិយាយកាលពីថ្ងៃពុធថា លោកសង្ឃឹមថា ជំងឺរាតត្បាត COVID-19 នឹងលែងត្រូវបានចាត់ទុកថា ជាភាពអាសន្នសកលទៀតហើយនៅឆ្នាំក្រោយ។

ស្ថាប័នអង្គការសុខភាពពិភពលោក(WHO) ជួបប្រជុំរៀងរាល់ពីរទៅបីខែម្តងដើម្បីសម្រេចថា តើវីរុសកូរ៉ូណាថ្មីដែលបានលេចឡើងកាលពី ៣ឆ្នាំមុននៅទីក្រុង Wuhan ប្រទេសចិន និងបានសម្លាប់មនុស្សជាង ៦.៦លាននាក់នៅតែបង្ហាញឱ្យភាពអាសន្នសុខភាពសាធារណៈ នៃការព្រួយបារម្ភអន្តរជាតិដែរឬទេ។ នៅពេលសួរអំពីលក្ខខណ្ឌដែលត្រូវការ សម្រាប់ការបញ្ចប់ភាពអាសន្នសុខភាពសាធារណៈនៃការព្រួយបារម្ភអន្តរជាតិ អ្នកជំនាញជាន់ខ្ពស់ជំងឺរាតត្បាតរបស់អង្គការសុខភាពពិភពលោក លោកស្រី Maria Van Kerkhove បាននិយាយថា «មានការងារច្រើនទៀតដែលត្រូវធ្វើបន្ត»។ នាយកផ្នែកសង្គ្រោះបន្ទាន់របស់អង្គការសុខភាពពិភពលោក លោក Mike Ryan បាននិយាយអំពីបញ្ហាដូចគ្នានេះថា ប្រសិនបើមានចំនួនប្រជាជនច្រើនដែលមិនទាន់បានចាក់វ៉ាក់សាំង ពិភពលោកនៅតែមានការងារជាច្រើនដែលត្រូវធ្វើបន្តទៀត។ លោក Ryan និយាយថា ការឆ្លងជំងឺ COVID-19 កំពុងផ្ទុះឡើងនៅក្នុងប្រទេសចិន មុនពេលការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការបោះបង់ចោលគោលនយោបាយ «គ្មាន COVID» ដ៏តឹងរឹងរបស់ខ្លួន។
ការអត្ថាធិប្បាយរបស់នាយកផ្នែកសង្គ្រោះបន្ទាន់របស់អង្គការ WHO ធ្វើឡើងនៅពេលដែលលោកបានព្រមានអំពីតម្រូវការក្នុងការបង្កើនការចាក់វ៉ាក់សាំង នៅក្នុងប្រទេសមានសេដ្ឋកិច្ចលំដាប់ទី២ របស់ពិភពលោក។ លោកនិយាយថា នៅពេលនេះ ប្រទេសចិនបានដកវិធានការរឹតត្បិត ហើយភ្លាមៗជំងឺនេះពុំអាចគ្រប់គ្រងបាននោះទេ។ ទីក្រុងប៉េកាំងបានចាប់ផ្តើមងាកចេញពីគោលនយោបាយ «គ្មាន COVID» បន្ទាប់ពីការតវ៉ាប្រឆាំងការទប់ស្កាត់ដែលបានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច ដែលដឹកនាំដោយប្រធានាធិបតីលោក Xi Jinping។ ការបន្ធូរបន្ថយវិធានការរឹតត្បិតភ្លាមៗ បានបង្កឱ្យមានការតម្រង់ជួរដ៏វែងនៅខាងក្រៅគ្លីនិក ព្យាបាលជំងឺគ្រុនក្តៅក្នុងសញ្ញាគួរឱ្យព្រួយបារម្ភថា រលកនៃការឆ្លងកំពុងកើនឡើង ទោះបីជាចំនួនផ្លូវការនៃករណីថ្មីមាននិន្នាការទាប ដោយសារអាជ្ញាធរបានបន្ធូរបន្ថយការធ្វើតេស្តឡើងវិញ៕
អត្ថបទ៖ ប៊ុនថន