ភ្នំពេញ៖ ក្នុងឱកាសដ៏នក្ខត្តឫក្ស នៃខួបចម្រើនជន្មាយុដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២២នេះ នៅទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា មានសប្បុរសជនពីរក្រុមផ្សេងគ្នា បាននាំយកអំណោយជូនដល់ កាកបាទក្រហមកម្ពុជា រួមមាន៖ ទី១សិប្បកម្ម វីភី ផ្ទះចល័ត អង្ករចំនួន៥តោន ត្រីខ៧៥កេស, ទី២ក្រុមហ៊ុន ស្តារីត (ខេមបូឌា) ឯ.ក កាបូបស្ពាយ ចំនួន ៨០០ កាបូប ជូនដល់កាកបាទក្រហមកម្ពុជា សម្រាប់ធ្វើសកម្មភាពមនុស្សធម៌តាមតម្រូវការ។
ក្នុងឱកាសទទួលជួបសវនាការនោះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តសប្បុរសធម៌ របស់សិប្បកម្ម វីភី ផ្ទះចល័ត និងក្រុមហ៊ុនស្តារីត(ខេមបូឌា) ឯ.ក ដែលបានបរិច្ចាគអំណោយទាំងនេះ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ទុកជួយទៅដល់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះបំផុតនៅក្នុងប្រទេសកម្ពុជា។
លោកជំទាវបន្តថា អំណោយក្នុងថ្ងៃនេះ ជាអំណោយដ៏ពិសេសថ្លៃថ្លាណាស់ គឺចំថ្ងៃខួបចម្រើនជន្មាយុរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន ហើយអំណោយទាំងនេះ កាកបាទក្រហមកម្ពុជា ថ្នាក់កណ្តាល និងយកទៅចែកជូនដល់ដៃប្រជាពលរដ្ឋ ដែលត្រូវការជំនួយជាចាំបាច់នាពេលឆាប់ៗខាងមុខនេះ។
សប្បុរសជនទាំងពីរក្រុមខាងលើ បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា ដែលបានអនុញ្ញាតឱ្យក្រុមហ៊ុនរបស់ពួកគាត់ បានចូលរួមចែករំលែកការងារមនុស្សធម៌ជាមួយប្រជាជនកម្ពុជា និងសូមកោតសសើរយ៉ាងខ្លាំងក្លា ចំពោះកាកបាទក្រហមកម្ពុជា ដែលតែងតែធ្វើឱ្យប្រជាពលរដ្ឋគ្រប់ទីកន្លែង មានស្នាមញញឹមពេញចិត្តយ៉ាងខ្លាំង ក្នុងការជួយទៅដល់ពួកគាត់ ដែលត្រូវការជំនួយជាចាំបាច់ក្នុងជីវភាពគ្រួសារ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។
នៅចំពោះមុខ សប្បុរសទាំងពីរក្រុមខាងលើនេះបានសន្យាថា នៅពេលបន្តបន្ទាប់ទៀត ក្រុមការងារនិងចូលរួម បរិច្ចាគអំណោយមនុស្សធម៌ជាមួយ កាកបាទក្រហមកម្ពុជា ជាបន្តបន្ទាប់ទៀត ដើម្បីជាការរួមចំណែក ជួយទៅដល់ប្រជាពលរដ្ឋ ដែលជីវភាពខ្សត់ខ្សោយនៅក្នុងសង្គម។
ចុងបញ្ជប់ក្នុងឱកាសខួបចម្រើនជន្មាយុ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សប្បុរសជនទាំងពីរក្រុមខាងលើ សូមបួងសួងដល់គុណបារមី ទេវតាគ្រប់ព្រះអង្គ គុណបុណ្យព្រះរតនត្រ័យ គុណបារមីវត្ថុស័ក្ដិសិទ្ធិនានាក្នុងលោក សូមព្រះមេត្តាប្រោសព្រះរាជទាន ប្រោះព្រំនូវទឹកអម្រឹត ប្រសិទ្ធពរជ័យ សិរីមង្គល មហាប្រសើរ ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមបានប្រកបតែ នឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមសម្រេចបានជោគជ័យថ្មីៗទៀត ក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តម ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជន នៅទូទាំងព្រះរាជាណាចក្រកម្ពុជាតរៀងទៅ៕
អត្ថបទ៖ សំ ងីម





