អង់គ្លេស៖ រដ្ឋមន្ត្រីការបរទេសអង់គ្លេសបាននិយាយថា ប្រទេសចិនបានដកមន្ត្រីចំនួន ៦នាក់ចេញពីចក្រភពអង់គ្លេស រួមមានទាំងអគ្គកុងស៊ុលម្នាក់ដែលនគរបាលចង់សាកសួរ ជុំវិញអំពើហិង្សាលើក្រុមបាតុករនៅស្ថានកុងស៊ុលចិននៅទីក្រុង Manchester កាលពីខែតុលា។

រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក James Cleverly បាននិយាយកាលពីថ្ងៃពុធថា រដ្ឋាភិបាលចិនបានដកមន្ត្រីដែលទទួលខុសត្រូវចំពោះឧប្បត្តិហេតុកាលពីខែតុលា ដែលបាតុករម្នាក់ទំនងជាត្រូវបានទាញចូលទៅខាងក្នុងបរិវេណស្ថានកុងស៊ុលចិន និងត្រូវបានវាយដំ។ ឧបទ្ទវហេតុនេះបានកើតឡើង អំឡុងពេលមានការប៉ះទង្គិចគ្នានៅក្នុងបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យនៅខាងក្រៅស្ថានកុងស៊ុល ជាកន្លែងដែលបដា និងផ្ទាំងពាក្យសរសេរប្រឆាំងបក្សកុម្មុយនិស្តចិនដែលកំពុងកាន់អំណាច និងប្រឆាំងប្រធានាធិបតីលោក Xi Jinping ត្រូវបានគេមើលឃើញ។
លោក Cleverly បាននិយាយថា មន្ត្រីការទូតចំនួន ៦នាក់ត្រូវបានស្នើសុំឱ្យលើកលែងអភ័យឯកសិទ្ធិការទូតរបស់ពួកគេ ជាផ្នែកមួយនៃការសាកសួរដោយនគរបាលទីក្រុង Greater Manchester ដោយថ្ងៃផុតកំណត់នៅថ្ងៃពុធ ប៉ុន្តែពេលនេះប្រទេសចិនបានដកមន្ត្រីទាំងនោះរួមទាំងអគ្គកុងស៊ុល។ ស្ថានទូតចិនក្នុងចក្រភពអង់គ្លេសនិយាយលើគេហទំព័ររបស់ខ្លួនថា អគ្គកុងស៊ុលក្នុងទីក្រុង Manchester បានបញ្ចប់អាណត្តិរបស់លោក ហើយត្រូវត្រលប់មកប្រទេសចិនវិញ ដែលនេះជាការប្តូរវេនធម្មតារបស់មន្ត្រីកុងស៊ុលចិន៕
អត្ថបទ៖ ប៊ុនថន