បាល់ទាត់៖ Cristiano Ronaldo បានប្រើប្រាស់ទីលានហ្វឹកហាត់របស់ក្លិប Real Madrid ដើម្បីធ្វើការហ្វឹកហាត់រក្សាកាយសម្បទាឱ្យរឹងមាំ ក្រោយបញ្ចប់បេសកកម្មជាមួយក្រុមជម្រើសជាតិព័រទុយហ្កាល់នៅ World Cup។

បន្ទាប់ពីការចាកចេញពីក្រុមបិសាចក្រហម Manchester United, Cristiano Ronaldo ទំនេរអាចផ្លាស់ទៅកាន់ក្លិបណាមួយនៅខែមករាខាងមុខនេះ។ ក្លិបអារ៉ាប៊ីសាអ៊ូឌីត Al-Nassr គឺក្លិបឈានមុខគេដែលបានប្រកាសជាចំហរពីការដាក់សំណើទៅកាន់កីឡាករវ័យ ៣៧ឆ្នាំរូបនេះ តែត្រូវបានគេដឹងថា Ronaldo មានជម្រើសច្រើនទៀត។ Ronaldo បានធ្វើការហ្វឹកហាត់ម្នាក់ឯងនៅជំរំហ្វឹកហាត់ Valdebebas របស់ Real Madrid តែត្រូវបានគេដឹងថា គ្មានគម្រោងត្រលប់ទៅប្រកបអាជីពនៅទឹកដីអេស្ប៉ាញឡើយ។
ការវិលត្រលប់របស់ Ronaldo មកកាន់ក្រុមបិសាចក្រហម Manchester United បានបញ្ចប់ដោយភាពចម្រូងចម្រាស មិនចុះសម្រុងគ្នាស្របពេលដែល Ronaldo ចេញមកធ្វើបទសម្ភាសន៍រិះគន់ម្ចាស់ក្លិប និងអ្នកចាត់ការ Erik ten Hag។ រឿងទាំងអស់នេះកើតឡើងមុន World Cup មកដល់ ២ថ្ងៃប៉ុណ្ណោះ ស្របពេលដែលនៅ World Cup ក៏មានរឿងចុះផ្សាយបន្ថែមទៀតពាក់ព័ន្ធនឹងការចូលលេងដំបូង និងអង្គុយកៅអីបម្រុងក្រោមការដឹកនាំរបស់គ្រូបង្វឹកព័រទុយហ្កាល់ Fernando Santos៕
អត្ថបទ៖នាង សុភាវុធ