ភ្នំពេញ៖ ក្រសួងចំនួន២រួមមាន៖ ក្រសួងទេសចរណ៍ និងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងរួមគ្នាអភិវឌ្ឍន៍វិស័យទេសចរណ៍ និងយកវិស័យទេសចរណ៍ ជាទីផ្សារសំខាន់មួយទៀតរបស់កសិករ និងបណ្តាអ្នកផលិតនានា ដែលត្រូវរួមគ្នាជំរុញបង្កើនការផលិតផលិតផលនានា ដើម្បីផ្គត់ផ្គង់ភ្ញៀវទេសចរក្នុងស្រុក និងការនាំចេញនៅនឹងកន្លែង ។
បើតាមលោកជំទាវ អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានថ្លែងប្រាប់BTV នៅថ្ងៃទី១៥ ខែធ្នូនេះថា បច្ចុប្បន្នក្រសួងកសិកម្ម កំពុងសហការជាមួយក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធនានាទៀតដើម្បីជំរុញកសិករ និងបណ្តាអ្នកផលិត ឲ្យបង្កើនការផលិត ហើយក្រសួងកសិកម្មគាំទ្រការផលិតផលកសិកម្មទាំងឡាយណាដែលមានតម្លៃសមរម្យអាចទទួលយកបាន និងធានាការផ្តល់នូវសន្តិសុខស្បៀង និង អាហារូបត្ថម្ភ សម្រាប់ពលរដ្ឋក្នុងស្រុក និងភ្ញៀវទេសចរអន្តរជាតិទាំងអស់គ្នា។
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា ជាក់ស្តែងការងារនេះ យើងបានធ្វើតាំងពីយូរមកហើយ ហើយសម្តេចតេជោ នាយករដ្ឋមន្ត្រី គឺបានជំរុញឲ្យក្រសួងទាំងពីរខិតខំធ្វើបន្ថែមទៀតដើម្បីធ្វើយ៉ាងណាឲ្យវិស័យទេសចរណ៍ក្លាយជាទីផ្សាររបស់កសិករ និងអ្នកផលិតផលិតផលនានាទៀត។
ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា នៅវិស័យទេសចរណ៍បច្ចុប្បន្ន បានបង្កើនមុខរបរជូនប្រជាពលរដ្ឋក្នុងស្រុកបានប្រមាណជាង ២៧០មុខរបរ ហើយវារួមចំណែកដ៏សំខាន់ ក្នុងការជម្រុញកំណើនសេដ្ឋកិច្ចកម្ពុជា ប្រជាពលរដ្ឋមានការរីកចំរើន។
សូមបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍បើកបុណ្យសមុទ្រនៅខេត្តព្រះសីហនុ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវឲ្យវិស័យទេសចរណ៍ទាំងមូលក្លាយជាទីផ្សាររបស់កសិករ និងអ្នកផលិតនានា ខណៈទេសចរក្នុងស្រុកចេញដើរកម្សាន្តនៅក្នុងឆ្នា២០២២នេះ មានកំណើនប្រមាណជាង ១០លាននាក់ និងទេសចរអន្តរជាតិ នឹងមានកើនរហូតដល់ ២លាននាក់ ហើយទេសចរអន្តរជាតិ នឹងមានកំណើនដល់៦ទៅ៧លាននាក់ នៅឆ្នាំបន្តបន្ទាប់ទៀតនេះ៕អត្ថបទ ស៊ុម សុខជា