រុស្ស៊ី៖ វិមានក្រឹមឡាំងបាននិយាយថា ប្រព័ន្ធការពារមីស៊ីលប៉ាទ្រីយ៉ូត (Patriot) នឹងក្លាយជាគោលដៅស្របច្បាប់ប្រសិនបើត្រូវបានបញ្ជូនទៅកាន់អ៊ុយក្រែន ដើម្បីស្ទាក់ចាប់មីស៊ីលរុស្ស៊ីដែលបាញ់ក្នុងបំណងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពល របស់ប្រទេសដែលហែកហួរដោយសង្គ្រាម។

អតីតប្រធានាធិបតីរុស្ស៊ីលោក Dmitry Medvedev បានព្រមានសម្ព័ន្ធយោធាណាតូចំពោះការផ្តល់ឲ្យទីក្រុង Kyiv នូវប្រព័ន្ធការពារមីស៊ីល Patriot។ វាទំនងជាវិមានក្រឹមឡាំងនឹងចាត់ទុកចំណាត់ការនេះថា ជាការធ្វើឲ្យជម្លោះកើនឡើង។ ការអត្ថាធិប្បាយនេះធ្វើឡើងនៅពេលដែលក្រុងមូស្គូបាននិយាយថា ពុំមានបទឈប់បាញ់នៅថ្ងៃបុណ្យ Christmas នោះទេ បន្ទាប់ពីសង្គ្រាមជិត ១០ខែនៅអ៊ុយក្រែន ទោះបីមានការដោះលែងឈ្លើយសឹករាប់សិបនាក់ទៀតបន្ថែមទៀត រួមទាំងជនជាតិអាមេរិកម្នាក់ដែលបានបង្ហាញទំនាក់ទំនងមួយចំនួន រវាងភាគីទាំងពីរនៅតែមាន។
បច្ចុប្បន្នប្រទេសរុស្ស៊ី និងអ៊ុយក្រែនពុំទាន់បានចូលរួមក្នុងកិច្ចចរចាដើម្បីបញ្ចប់ការប្រយុទ្ធគ្នា ដែលកំពុងតែផ្ទុះនៅភាគខាងកើត និងខាងត្បូងរបស់អ៊ុយក្រែននោះទេ ខណៈទីក្រុងមូស្គូបានបាញ់មីស៊ីល និងយានដ្រូនទៅលើរោងចក្រផលិតថាមពល និងទឹកនៅទូទាំងប្រទេស រួមទាំងរដ្ឋធានី Kyiv។ អ៊ុយក្រែនបាននឹងកំពុងស្នើសុំឱ្យសម្ព័ន្ធមិត្តប្រទេសលោកខាងលិចរបស់ខ្លួន បង្កើនប្រព័ន្ធការពារដែនអាកាសបន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ី ដែលបានបង្ខំឱ្យមនុស្សរាប់លាននាក់រស់នៅដោយគ្មានអគ្គិសនី ឬថាមពលកម្តៅប្រើប្រាស់ក្នុងរដូវរងា៕
អត្ថបទ៖ ប៊ុនថន