ស្វាយរៀង ៖ ខណៈដែលជំងឺកូវីដ១៩ នៅតែបន្តយាយីនៅក្នុងសង្កាត់បាវិត គប្បីមន្ត្រីមានសមត្ថកិច្ច ត្រូវបង្កើនការរិតបន្តឹង បញ្ជៀសការធ្វើដំណើររបស់ពលរដ្ឋក្នុង និងក្រៅក្រុងបាវិតទៅកាន់តំបន់មួយចំនួនរបស់សង្កាត់បាវិត ដែលរដ្ឋបាលខេត្តបានហាមឃាត់ សំដៅបញ្ជៀស និងផ្តាច់ទំនាក់ទំនងចម្លងជំងឺកូវីដ១៩ ឆ្លងចូលមកសហគមន៏។
លោក លឹម សៀងហេង អភិបាលក្រុងបាវិត ខេត្តស្វាយរៀង នៅថ្ងៃទី២០ ខែមេសា បានស្នើនិងជំរុញដល់មន្ត្រីសមត្ថកិច្ចក្រុង ត្រូវបង្កើនការរិតបន្តឹង បញ្ជៀសការធ្វើដំណើររបស់ពលរដ្ឋក្នុង និងក្រៅក្រុងបាវិត ទៅកាន់តំបន់មួយចំនួនរបស់សង្កាត់បាវិត ដែលរដ្ឋបាលខេត្តបានហាមឃាត់ សំដៅបញ្ជៀស និងផ្តាច់ទំនាក់ទំនងការចម្លងជំងឺកូវីដ១៩ ចូលមកសហគមន៏។ ការស្នើនិងជំរុញរបស់មន្ត្រីថ្នាក់ដឹកនាំក្រុងរូបនេះបានធ្វើឡើង ខណៈដែលលោកអញ្ជើញចុះពិនិត្យកម្លាំងនៅក្នុងគណៈបញ្ជារការឯកភាពរក្រុង អនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន នៅក្នុងភូមិសាស្ត្រសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ចាប់ពីថ្ងៃទី១៩ ខែមេសាដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ នៅលើវិធានការសំខាន់ៗ ដើម្បីបញ្ជៀសជំងឺកូវីដ១៩ឆ្លងចូលសហគមន៏ រួមមាន ១~ ការរឹតត្បិតការធ្វើដំណើរចេញពីលំនៅដ្ឋាន ឬទីសំណាក់បច្ចុប្បន្នក្នុងភូមិសាស្ត្រសង្កាត់បាវិត នៃក្រុងបាវិត ២~ ការហាមឃាត់ការប្រមូលផ្តុំ ឬការជួបជុំមនុស្សដែលបណ្តាលឱ្យមានការឆ្លងជំងឺកូវីដ-១៩ ៣~ ការបិទខ្ទប់រាល់ការធ្វើដំណើរចេញ-ចូល ក្នុងក្រុមហ៊ុនកម្សាន្តអន្តរជាតិបាវិត-ម៉ុកបាយ ក្រុមហ៊ុនកាស៊ីណូពិភពថ្មី ក្រុមហ៊ុនកាស៊ីណូ Good Luck និងក្រុមហ៊ុនកាស៊ីណូ EMPEROR ។
លោកវេជ្ជបណ្ឌឹត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្ត បានបញ្ជាក់ប្រាប់ទូរទស្សន៏ BTV នៅពេលដឹកនាំក្រុមគ្រូពេទ្យប្តូរវេនពិនិត្យព្យាបាលជំងឺកូវីដ១៩ នៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ ក្រុងបាវិត កាលពីថ្ងៃចុងសប្តាហ៏កន្លងទៅនេះថា នៅក្នុងព្រឹត្តិការ ២០កុម្ភៈ ខេត្តស្វាយរៀង ពិសេសក្រុងបាវិត បានទទួលឥទ្ធិពលជំងឺកូវីដ១៩ឆ្លងចូលសហគមន៏ ធ្វើអោយប៉ះពាល់ពលរដ្ឋក្នុងទូទាំងខេត្ត ស្រុក ក្រុងទាំង៨ និងអ្នកប្រកបរបរនៅតាមក្លឹបកំសាន្ត ការស៊ីណូ ទទួលវិជ្ជមានជំងឺកូវីដ១៩ ជាង២០០នាក់ បច្ចុ ប្បន្នអ្នកទាំងនោះបាននិងកំពុងសម្រាកព្យាបាលជំងឺ នៅតាមមន្ទីរពេទ្យដែលរៀបចំដោយរដ្ឋបាលខេត្ត និងជាង៤ពាន់នាក់ផ្សេងទៀត បាននិងកំពុងធ្វើចត្តាឡីសក័នៅកន្លែងប្រមូលផ្តុំ និងនៅតាមខ្នងផ្ទះ ៕អត្ថបទ ៖ភា សារិត





