បាល់ទាត់៖ ខ្សែប្រយុទ្ធតោខៀវ Chelsea, Armando Broja នឹងត្រូវសម្រាករហូតដល់ចប់រដូវកាលនេះ បន្ទាប់ពីទទួលរងរបួសអំឡុងការប្រកួតមិត្តភាពទល់នឹង Aston Villa។ កីឡាករវ័យ ២១ឆ្នាំរូបនេះបានប៉ះទង្គិចនឹងខ្សែការពារ Aston Villa, Ezri Konza ក្នុងការប្រកួតមិត្តភាពមួយនៅទីក្រុង Abu Dhabi អារ៉ាប់រួមកាលពីថ្ងៃអាទិត្យ។

ក្លិប Chelsea បញ្ជាក់ថា Broja មានរបួសដាច់សរសៃគន្លាក់ជង្គង់ត្រូវទាមទារឱ្យមានការវះកាត់ជាចាំបាច់។ Broja បានបង្ហាញខ្លួន ១២ប្រកួតឱ្យ Chelsea រដូវកាលនេះនៅក្របខណ្ឌ English Premier League តែចាប់ផ្តើម ១១នាក់បានត្រឹម ២ប្រកួតប៉ុណ្ណោះក្រៅពីនោះគឺបម្រុងផ្លាស់ប្តូរចូល។ មុនមកដល់ World Cup នេះ Chelsea បានរងបរាជ័យបីប្រកួតផ្ទួនៗ ហើយក្រោយចប់ World Cup នឹងត្រូវទទួល Bournemouth នៅថ្ងៃទី២៧ ខែធ្នូ។ ក្រុមរបស់លោក Graham Potter កំពុងឈរលេខ៨ ក្នុងតារាងតាមពីក្រោមក្រុមនាំមុខ Arsenal ១៦ពិន្ទុ៕
អត្ថបទ៖នាង សុភាវុធ