
កំពង់ឆ្នាំង៖ ក្រុមហ៊ុន៣ ដែលវិនិយោគលើវិស័យកសិកម្មនៅកម្ពុជាមាន ក្រុមហ៊ុនគ្រីនហ្វាម, ក្រុមហ៊ុនផ្ទះទា, និងក្រុមហ៊ុនផ្សារស្រុកស្រែ បានចុះកិច្ចព្រមព្រៀងវិនិយោគលើការចិញ្ចឹមបង្កងទឹកសាបធំជាងគេនៅក្នុងប្រទេស ដែលគំរោងទី១នេះ ត្រូវដាក់កូនបង្កងចិញ្ចឹមប្រមាណជាង ២លាន ២០ម៉ឺនក្បាល សម្រាប់លក់ចែកចាយលើទីផ្សារស្រុកខ្មែរ។
ការចុះកិច្ចព្រមព្រៀងនេះ បានធ្វើឡើងនៅក្នុងកសិដ្ឋានភូមិឡ ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២នេះ។
នៅក្នុងពិធីចុះកិច្ចព្រមព្រៀងផ្គត់ផ្គង់បង្កងទឹកសាបនេះ លោក គឹម ហួរ ប្រធានក្រុមហ៊ុនគ្រីនហ្វាម បានអោយដឹងថា បច្ចុប្បន្នលោកកំពុងដំណើរការមុខរបរលើក្រុមហ៊ុនចំនួនពីរ គឺមួយក្រុមហ៊ុន គ្រីនហ្វាម ដែលមានការដាំដើមឈើប្រណិត និងបណ្ដុះពូជឈើប្រណិតលើដីជាង ៨០០ហិកតាក្នុងស្រុកទឹកផុស។ ក្រុមហ៊ុនគ្រីនហ្វាម មានរោងចក្រចំនួន២ គឺ១. ផលិតជីគ្រប់ប្រភេទ និង២. ផលិតចំណីសត្វ និងចំណីបង្កងផងដែរ។ ចំណែកក្រុមហ៊ុនទី២ គឺក្រុមហ៊ុន អាហ្គ្រីនិច PLC ដែលវិនិយោគលើវិស័យកសិកម្មដូចគ្នា។
ក្រុមហ៊ុន គ្រីនហ្វាម កំពុងដំណើរការជីកស្រះចំនួន ៤៤ស្រះ សំរាប់ចិញ្ចឹមបង្កងទឹកសាបលើដី ៤ហិកតា ជាលើកដំបូងក្នុងទំហំដីសរុប ១០០ហិកតា។
លោកបន្តថា កសិដ្ឋានរបស់លោកនឹងលក់បង្កងចេញ ក្នុងតម្លៃចាប់ពី ៨ទៅ ១០ដុល្លារ ដោយសង្ឃឹមថានឹងទទួលបានជោគជ័យ ព្រោះលោកមានរោងចក្រផលិតចំណីត្រី ចំណីបង្កងដោយខ្លួនឯង។
លោក សូត្រ សង់ អភិបាលស្រុកទឹកផុសលើកឡើងថា អាជ្ញាធរស្រុកសូមស្វាគមន៍ និងអបអរសាទរ ចំពោះគម្រោងចិញ្ចឹមបង្កងដ៏ធំនេះ ដែលជាឱកាសការងារថ្មី របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះ ដែលអាចនឹងចូលមកបម្រើការងារជាមួយក្រុមហ៊ុន ដើម្បីបានរៀនសូត្រ និងមានបទពិសោធន៍ល្អៗយកទៅអនុវត្តនៅសហគមន៍ និងគ្រួសារលើកតម្កើងជីវភាពរបស់ពួកគាត់ផងដែរ។
លោក ប្រាក់ លាងហួរ អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត បានថ្លែងថា ក្នុងនាមមន្ទីរកសិកម្មខេត្ត លោកសូមគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងចិញ្ចឹមបង្កងនេះ ហើយសង្ឃឹមថាក្រុមហ៊ុនទាំង៣ ដែលចុះកិច្ចព្រមព្រៀងគ្នានេះនឹងទទួលបានជោគជ័យតាមផែនការ ដើម្បីចូលរួមលើកស្ទួយវិស័យកសិកម្មដែលជាវិស័យស្នូលរបស់ជាតិ៕អត្ថបទ៖ ហុង វាស្នា




