ភ្នំពេញ៖ ភាគីអង្គការសហប្រជាជាតិ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា ឲ្យទទួលបានវឌ្ឍនភាពថ្មីៗបន្តទៀត។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី១៥ ធ្នូ ឆ្នាំ២០២២នេះ បានឲ្យដឹងថា ការសន្យាខាងលើនេះ បានធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី អ៊ិត សំហេង និងលោក Joseph Scheuer អ្នកសម្របសម្រួលថ្មីរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា នៅទីស្តីការក្រសួង។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវការអបអរសាទរជូនចំពោះលោក Joseph Scheuer ដែលទទួលបានតួនាទីជាអ្នកសម្របសម្រួលថ្មីរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា។ ឯកឧត្តមសង្ឃឹមថា ក្នុងបេសកម្មការងាររបស់លោក និងសហការី នឹងបន្តកិច្ចសហការជាមួយបណ្តាក្រសួងពាក់ព័ន្ធរបស់រដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត។ ជាមួយគ្នានេះដែរ ឯកឧត្តម បានថ្លែងអំណរគុណដល់អង្គការសហប្រជាជាតិ ដែលបានជួយមកដល់កម្ពុជានៅក្នុងដំណាក់កាលការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ នាពេលកន្លងមក មានទាំងវ៉ាក់សាំង គ្រឿងបរិក្ខាបច្ចេកទេសជាច្រើនទៀតមកដល់កម្ពុជា និងនៅតែបន្តជួយមកកម្ពុជាក្រោយការស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីកូវីដ-១៩។
លោក Joseph Scheuer ដែលធ្លាប់កាន់តំណែងជានាយកកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា នៅក្នុងអំឡុងឆ្នាំ២០០៧ និង២០១០ ហើយទើបត្រឡប់មកកាន់កម្ពុជានៅឆ្នាំ២០២២សារជាថ្មីម្តងទៀត បានសង្កេតឃើញថា ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកម្ពុជាលើគ្រប់វិស័យ ពិតជាមានការរីកចម្រើនប្រែប្រួលយ៉ាងលឿន។
លោកបានយល់ស្របជាមួយនឹងការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តី ដែលបានវាយតម្លៃខ្ពស់ចំពោះការ ចូលរួមចំណែកពីគ្រប់ដៃគូទាំងអស់ ជាពិសេសភ្នាក់ងារអង្គការសហប្រជាជាតិនានា។
ទន្ទឹមនឹងនេះ លោកក៏បានចូលរួមអបអរសាទរដល់រដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំវិធានការណ៍ទប់ស្កាត់ជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ ដែលធ្វើឲ្យគម្រោងធំៗភាគច្រើន វិលត្រឡប់មកប្រក្រតីភាពឡើងវិញ។
ព្រមជាមួយគ្នានេះ អង្គការសហប្រជាជាតិ នឹងបន្តការគាំទ្រ ចំពោះគោលដៅមហិច្ចតារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលចង់ប្រែក្លាយកម្ពុជា ឱ្យជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រាក់ចំណូលខ្ពស់នាឆ្នាំ២០៥០ ដោយអង្គការ នឹងបន្តបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលកម្ពុជា សម្រាប់ឆ្នាំ២០២៤-២០២៨ ធ្វើយ៉ាងណាឱ្យ កម្ពុជា-UN ក្លាយជាដៃគូកាន់តែរឹងមាំបន្ថែមទៀត៕ អត្ថបទ៖ ឈិត បូរ៉ាវី