អឺរ៉ុប៖ ក្រុមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប កាលពីល្ងាចថ្ងៃព្រហស្បតិ៍បានអនុម័តទណ្ឌកម្មកញ្ចប់ទី៩ ប្រឆាំងប្រទេសរុស្ស៊ី ខណៈក្រុមមេដឹកនាំទាំងនោះបានបើកភ្លើងខៀវ ផ្ដល់កញ្ចប់ជំនួយចំនួន ១៨ពាន់លានអឺរ៉ូដល់អ៊ុយក្រែន។ កញ្ចប់ទណ្ឌកម្មថ្មីនេះត្រូវបានរៀបចំដោយក្រុមឯកអគ្គរដ្ឋទូត នៅខាងក្រៅកិច្ចប្រជុំកំពូលមេដឹកនាំសហភាពអឺរ៉ុបក្នុងទីក្រុង Brussels។
អត្ថបទចុងក្រោយមិនទាន់ត្រូវបានបញ្ចេញទេ ខណៈរង់ចាំការបញ្ជូន និងអនុម័តជាផ្លូវការពីរដ្ឋាភិបាលសហភាពអឺរ៉ុបទាំងអស់ ប៉ុន្តែគេរំពឹងថានឹងត្រូវផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃសុក្រនេះ។ សំណើរបស់គណៈកម្មការដែលបានបញ្ចេញកាលពីសប្ដាហ៍មុន បានគ្រោងដាក់លើបុគ្គលជនជាតិរុស្ស៊ីជាង ២០០នាក់ និងអង្គភាពបន្ថែមទៀតដោយការបង្កទ្រព្យសម្បត្តិ និងបម្រាមធ្វើដំណើរ។ អ្នកទាំងនោះរួមមានក្រុមមន្ត្រីរដ្ឋាភិបាល តំណាងរាស្ត្រ អភិបាលប្រចាំតំបន់ គណបក្សនយោបាយ និងអង្គភាពនានារួមទាំងកងកម្លាំងប្រដាប់អាវុធផងដែរ។ បុគ្គល និងអង្គភាពទាំងនោះនឹងជាប់ទណ្ឌកម្ម រួមជាមួយបុគ្គលចំនួន ១.២៤១នាក់ និងអង្គភាព ១១៨ ដែលត្រូវបានជាប់ក្នុងបញ្ជីខ្មៅរួចទៅហើយ។
កញ្ចប់ទណ្ឌកម្មនេះក៏បានដាក់គោលដៅលើក្រសួងឧស្សាហកម្ម ការពារជាតិរុស្ស៊ី ធនាគាររបស់រុស្ស៊ីបន្ថែមទៀត និងវិស័យរ៉ែ ព្រមទាំងការគ្រប់គ្រងការនាំចេញដែលបានគ្រោងទុកលើផលិតផលនានា ដូចជាសារធាតុគីមី សារធាតុធ្វើឲ្យវង្វេងស្មារតី គ្រឿងអេឡិចត្រូនិក និងសមាសធាតុ IT ដែលអាចត្រូវបានប្រើប្រាស់ដោយកងកម្លាំងប្រដាប់អាវុធ ព្រមទាំងសមាសធាតុសម្រាប់យានដ្រូនប្រយុទ្ធជាដើម។ លោកប្រធានាធិបតី Volodymyr Zelenskiy កាលពីល្ងាចថ្ងៃព្រហស្បតិ៍ក៏បានជំរុញឲ្យបណ្ដាមេដឹកនាំសហភាពអឺរ៉ុប អនុម័តជំនួយដល់ប្រទេសរបស់លោកផងដែរ ខណៈដែលសង្គ្រាមបានឈានចូលជិត ១០ខែ៕
អត្ថបទ៖ សុខមាន