រុស្ស៊ី៖ លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា បញ្ហាសេដ្ឋកិច្ចនាពេលបច្ចុប្បន្ននៅក្នុងសហភាពអឺរ៉ុប និងឥរិយាបទអមិត្ត ដែលត្រូវបានបង្ហាញដោយសហរដ្ឋអាមេរិកចំពោះសហភាពអឺរ៉ុប គឺជាផលវិបាកដោយផ្ទាល់នៃភាពកម្សោយបង្ហាញចេញដោយក្រុមមេដឹកនាំសហភាពអឺរ៉ុប។
លោក Putin បាននិយាយថា សព្វថ្ងៃនេះដៃគូសំខាន់របស់សហភាពអឺរ៉ុបគឺសហរដ្ឋអាមេរិក កំពុងបន្តគោលនយោបាយដែលដឹកនាំដោយផ្ទាល់ទៅរកការរំសាយឧស្សាហកម្មរបស់អឺរ៉ុប។ ពួកគេថែមទាំងព្យាយាមត្អូញត្អែរអំពីរឿងនោះ ទៅកាន់ចៅហ្វាយនាយអាមេរិករបស់គេទៀតផង។ ពេលខ្លះសូម្បីតែមានការអាក់អន់ចិត្តពួកគេសួរថា ហេតុអ្វីបានជាអ្នកធ្វើបែបនេះដាក់ពួកយើង? ខ្ញុំចង់សួរថា តើអ្នករំពឹងចង់បានអី? តើមានអ្វីកើតឡើងចំពោះអ្នកដែលអនុញ្ញាតឲ្យជូតជើងពួកគេ?។
កាលពីដើមខែនេះ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានលើកឡើងពីក្ដីបារម្ភលើគោលនយោបាយសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ដោយជំរុញឲ្យសហភាពអឺរ៉ុបចាត់វិធានការ ប្រសិនបើខ្លួនចង់អាចប្រកួតប្រជែងជាមួយឧស្សាហកម្មបៃតងដែលឧបត្ថម្ភធនដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក។ លោក Putin បានគូសបញ្ជាក់ថា វិបត្តិសេដ្ឋកិច្ចនៅក្នុងសហភាពអឺរ៉ុបបណ្ដាលមកពីស្នាដៃខ្លួនឯង ព្រោះតែដាក់គោលដៅលើរុស្ស៊ី ដោយការដាក់ទណ្ឌកម្មយ៉ាងសន្ធឹកសន្ធាប់ជុំវិញជម្លោះអ៊ុយក្រែន៕
អត្ថបទ៖ សុខមាន