បាល់ទាត់៖ ប្រជាជនរស់នៅទីក្រុង Rosario ដែលជាស្រុកកំណើតរបស់ Lionel Messi មានក្តីសង្ឃឹមខ្ពស់ថា Messi នឹងវិលត្រលប់មកប្រទេសកំណើតវិញជាមួយនឹងពានបាល់ទាត់ពិភពលោក។

បុរសវ័យ ២៣ឆ្នាំឈ្មោះថា Niv Resnik ដែលជាអ្នកទេសចរអ៊ីស្រាអែលបាននិយាយថា រូបគេជាអ្នកគាំទ្រ Barcelona និង Messi តាំងពីតូច ហើយការមកធ្វើដំណើរទេសចរនៅប្រទេសអាហ្សង់ទីន គឺដើម្បីមកទស្សនាទឹកដីកំណើតរបស់ Messi និងសង្ឃឹមថា Messi ត្រលប់មកទីនេះជាមួយនឹងពានពិភពលោក។ ទីក្រុង Rosario ដែលមានចំងាយផ្លូវ ៣០០គីឡូម៉ែត្រភាគខាងជើងរដ្ឋធានី Buenos Aires ត្រូវបានគេប្រទះឃើញរូបភាព Messi ជាច្រើនកន្លែង ជាពិសេសនៅតំបន់ La Bajada ដែលជាកន្លែងរស់នៅ និងធំធាត់របស់ Messi មុនចាកចេញទៅ Barcelona។ លោក Fernanda Quiroga វ័យ ៣៥ឆ្នាំដែលជាអតីតអ្នកជិតខាងរបស់ Messi បាននិយាយថា “ពួកយើងពិតជាមួយមានរអារម្មណ៍ភ័យព្រួយ ពួកយើងរង់ចាំ Messi មកវិញជាមួយពានរង្វាន់ នេះជាពានរង្វាន់របស់គាត់ ពួកយើងកាន់តែកៀកនឹងជើងឯក ពួកយើងសប្បាយ តែកាត់តែភ័យ”។
ចំណែកលោក Andrea Sosa វ័យ ៥៥ឆ្នាំ និងធ្លាប់ជាគ្រូបង្រៀនរបស់ Messi កាលពីតូចនិយាយថា លោកពិតជាចង់ឱ្យអាហ្សង់ទីនឈ្នះជើងឯក ជាពិសេសគឺចង់ឱ្យ Messi ឈ្នះជើងឯកដើម្បីតបស្នងការខិតខំប្រឹងប្រែងក្នុងអាជីពដ៏ជោគជ័យរបស់គាត់។ ពានអ្វីៗក៏ដោយក៏ Messi ទទួលបានរួចអស់ដែរមិនថាពានផ្ទាល់ខ្លួន ជាមួយក្លិបអាជីព គឺនៅបាំងតែ World Cup មួយទៀតប៉ុណ្ណោះអ្វីៗនឹងសម្រេចទាំងអស់។ Messi បានចូលលេងឱ្យក្រុមជម្រើសជាតិអាហ្សង់ទីននៅឆ្នាំ២០០៥ ក្នុងវ័យ ១៨ឆ្នាំបង្ហាញខ្លួនមកទល់ពេលនេះបាន ១៧២ប្រកួតរកបាន ៩៧គ្រាប់៕
អត្ថបទ៖នាង សុភាវុធ