ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាទៅអភិបាលរាជធានីភ្នំពេញ និងអភិបាលខេត្តកណ្ដាល ឱ្យយកចិត្តទុកដាក់លើការផ្គត់ផ្គង់ទៅដល់ព្រះសង្ឃ និងសាមណសិស្សនិស្សិតនៅតាមវត្តអារាមនានាក្នុងភូមិសាស្ត្រទាំងពីរនេះ ដែលកំពុងស្ថិតក្រោមវិធានការបិទខ្ទប់។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាបែបនេះតាមរយៈសារជាសំឡេងដែលត្រូវបានចែកចាយតាមប្រព័ន្ធតេឡេក្រាមនៅល្ងាចថ្ងៃនេះ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ «សូមឯកឧត្ដមអភិបាលរាជធានីភ្នំពេញ សូមឯកឧត្ដមអភិបាលខេត្តកណ្ដាល និងឯកឧត្ដមអភិបាលរាជធានី-ខេត្តគ្រប់ទីកន្លែងទាំងអស់ សូមមេត្តាយកចិត្តទុកដាក់ចំពោះព្រះសង្ឃនៅក្នុងពេលវេលានៃការបិទខ្ទប់។ គ្មានប្រជាជនទៅធ្វើបុណ្យទេ ដូច្នេះ ព្រះសង្ឃក៏នឹងត្រូវដាច់ចង្ហាន់»។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាទៅដល់អភិបាលខេត្តនានា ឱ្យយកចិត្តទុកដាក់លើការផ្គត់ផ្គង់ស្បៀងអាហារដល់ព្រះសង្ឃ និងសាមណសិស្សនិស្សិតនៅវត្តអារាមនានាផងដែរ៕ អត្តបទ: សុធី