ឧត្តរមានជ័យ៖ ប្រជាពលរដ្ឋរស់នៅចំណុចភូមិខ្ទុំ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ សប្បាយត្រេកអរបន្ទាប់ពីទទួលបានផ្លូវបេតុងចំនួន១ខ្សែរប្រវែងជាង៨០០ម៉ែត្រ ទទឹង៥ម៉ែត្រ ក្នុងមូលដ្ឋាន ជាគម្រោងកញ្ចប់ថវិកាតាមរយៈការអភិវឌ្ឍមូលនិធិរបស់សង្កាត់កូនក្រៀល។
លោក លឿង ណុច ចៅសង្កាត់កូនក្រៀល បានឲ្យដឹងថា បច្ចុប្បន្ននេះសង្កាត់បានធ្វើការអភិវឌ្ឍផ្លូវក្នុងមូលដ្ឋានជាច្រើនខ្សែររួមមាន៖ ផ្លូវលំក្រួសក្រហម និងផ្លូវបេតុង ដើម្បីសម្រួលដល់ការធ្វើដំណើរពីភូមិមួយទៅភូមិមួយប្រកបដោយភាពងាយស្រួលជូនប្រជាពលរដ្ឋក្នុងការដឹកកសិកផលទៅលក់នៅលើផ្សារ ដែលជាគម្រោងកញ្ចប់ថវិកាអភិវឌ្ឍន៍របស់មូលនិធិឃុំសង្កាត់កូនក្រៀល។
លោក បញ្ជាក់ថា ក្នុងសង្កាត់កូនក្រៀល មានភូមិចំនួន៣៣ភូមិ ក្នុងនោះភូមិឧបសម្ព័ន្ធមាន៣ភូមិ កសាងផ្លូវក្រាលក្រួសក្រហម បានចំនួន ៧៥៤ខ្សែរ ផ្លូវបេតុងមួយខ្សែរ និងបន្តធ្វើបន្ថែមទៀតតាមកញ្ចប់ថវិការបស់មូលនិធិឃុំសង្កាត់ ដើម្បីបម្រើផលប្រយោជន៍ជូនពលរដ្ឋក្នុងមូលដ្ឋាន៕ អត្ថបទ៖ សារិទ្ធ


