បាល់ទាត់៖ គ្រូបង្វឹកក្រុមជម្រើសជាតិព័រទុយហ្កាល់លោក Fernando Santos បានសំរេចលាលែងពីតំណែងហើយ ក្រោយដឹកនាំក្រុមមិនបានល្អនៅ World Cup។ បុរសវ័យ ៦៨ឆ្នាំរូបនេះចាកចេញ បន្ទាប់ពីព័រទុយហ្កាល់ចាញ់ក្រោមស្នាដៃម៉ារ៉ុកនៅវគ្គ ៨ក្រុមចុងក្រោយ។
លោក Fernando Santos បានចំណាយពេល ៨ឆ្នាំដឹកនាំព័រទុយហ្កាល់ដោយបានជួយក្រុមឈ្នះជើងឯកអឺរ៉ុបឆ្នាំ ២០១៦ ក៏ដូចជាពាន UEFA Nations League ក្នុងឆ្នាំដំបូងនៃការបង្កើតឡើង។ យ៉ាងណាក្តីប្រកួតចុងក្រោយក្រោមការដឹកនាំរបស់លោក Santos ពេញដោយការស្តីបន្ទោសពីការទំលាក់ Cristiano Ronaldo ឱ្យបម្រុង។ លោក Santos បានសម្រេចឱ្យកីឡាករវ័យ ៣៧ឆ្នាំរូបនេះបម្រុងពេលយកឈ្នះស្វ៊ីស ៦-១ បន្ទាប់ពីកាយវិការមិនសមរម្យពេលផ្លាស់ចេញ នៅពេលព័រទុយហ្កាល់ចាញ់កូរ៉េប្រកួតចុងក្រោយក្នុងពូល។
ជំនួបទល់នឹងស្វ៊ីសអ្នកមកជំនួស Ronaldo គឺខ្សែប្រយុទ្ធ Benfica, Goncalo Ramos ដែលចូលមករកបានបីគ្រាប់ម្នាក់ឯងតែម្តង ដែលធ្វើឱ្យលោក Santos សម្រេចដាក់ឱ្យជាជម្រើសដំបូងទៀតពេលចាញ់ម៉ារ៉ុក និងទម្លាក់ Ronaldo ដដែល។ ព័រទុយហ្កាល់បានចេញសេចក្តីថ្លែងអំនរគុណចំពោះការលះបង់របស់លោក Fernando Santos កន្លងមក ដែលធ្វើឱ្យកីឡាករ និងប្រជាជនព័រទុយហ្កាល់សប្បាយរីករាយក្នុងរយៈពេល ៨ឆ្នាំនេះ។ ព័រទុយហ្កាល់នឹងប្រកាសឈ្មោះអ្នកចាត់ការថ្មីនៅសប្តាហ៍ក្រោយ ស្របពេលព័រទុយហ្កាល់ត្រៀមលក្ខណៈសម្រាប់ការប្រកួតជម្រុះ Euro 2024៕
អត្ថបទ៖នាង សុភាវុធ