ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី១៦ ធ្នូ ឆ្នាំ២០២២នេះ បានរៀបចំសិក្ខាសាលាស្តីពី ការពង្រឹងគុណភាពផលិតផលខ្មែរ និងសេវាកម្ម ដើម្បីជំរុញការនាំចេញ ដោយមានការអញ្ជើញចូលរួមពីមន្រ្តីជំនាញអន្តរក្រសួង តំណាងក្រុមហ៊ុន សហគ្រាស និងតំណាងផ្សារទំនើបជាដើម សរុបចំនួនប្រហែលជិត ១០០នាក់។
ឯកឧត្តម កៅ កោសល អគ្គនាយកនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា គោលបំណងសំខាន់នៃអង្គពិធីនេះ គឺដើម្បីចង់បំផុសចលនាមហាជន ពិសេសប្រជាជនកម្ពុជាឲ្យងាកមក គាំទ្រការប្រើប្រាស់ផលិតផលខ្មែរឲ្យបានច្រើន។
សិក្ខាសាលានេះ គឺធ្វើអមជាមួយព្រឹត្តិការណ៍ ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៥ សម្រាប់ប្រជាពលរដ្ឋខ្មែរជាទូទៅ ឲ្យបានឃើញ និងស្គាល់ផលិតផលរបស់ខ្មែរឲ្យកាន់តែទូលំទូលាយ។
ឯកឧត្តម បានឲ្យដឹងទៀតថា គោលបំណងមួយទៀតនោះ ដើម្បីជំរុញអ្នកផលិត និងអ្នកនាំចេញទាំងអស់ឲ្យពង្រឹងគុណភាព ពង្រឹងសេវាលើផលិតផលខ្មែរឲ្យមានគុណភាពខ្ពស់ ការវេចខ្ចប់បានត្រឹមត្រូវ លក់ក្នុងតម្លៃសមស្រប ដើម្បីអាចជំរុញដល់ការនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារនៅក្រៅប្រទេស។
យោងតាមបទបង្ហាញ ការលើកកម្ពស់ផលិតផលខ្មេរស្របតាមតម្រូវការទីផ្សារ របស់លោក ហ៊ឹង ចក់ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ បានឲ្យដឹងថា មកដល់ពេលនេះ ក្រសួងពាណិជ្ជកម្ម បាននិងកំពុងរៀបចំគោលនយោបាយ និងយុទ្ធសាស្រ្តចរចាបើកទីផ្សារ ដើម្បីទាញយកឲ្យបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសធំៗ និងតំបន់ចំនួន៨ នៅទូទាំងពិភពលោក រួមមាន៖ប្រទេសចិន, កូរ៉េខាងត្បូង, ជប៉ុន, អង់គ្លេស, អាម៉េរិក, ឥណ្ឌា, ម៉ុងហ្គោលី និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ាន។
សូមបញ្ជាក់ថា ពាក់ព័ន្ធពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៥ ដែលរៀបចំឡើងនៅអគារពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ គឺមានរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់១៨ ខែធ្នូ ឆ្នាំ២០២២ ដោយមានស្តង់សរុបចំនួន ២៦៨ស្តង់ ក្នុងនោះមានស្តង់ពីស្ថានទូតបរទេសប្រចាំនៅកម្ពុជា ស្តង់មកពីរាជធានី-ខេត្ត សភាពាណិជ្ជកម្មកម្ពុជា សហព័ន្ធស្រូវអង្ករ អង្គការ សមាគមអាជីវកម្ម ក្រុមហ៊ុន សហគ្រាសក្នុងស្រុក និងមកពីបរទេសដែលមានក្រុមហ៊ុន សហគ្រាសសរុបចំនួន ១៨១ក្រុមហ៊ុន៕ អត្ថបទ៖ ឈិត បូរ៉ាវី













