កោះកុង៖ អាជ្ញាធរខេត្តកោះកុងថា ការធ្វើពាណិជ្ជកម្មឆ្លងដែន នៃលំហូរទំនិញរវាងកម្ពុជា-ថៃ បានងើបឡើងជាបណ្តើរៗវិញហើយ ដោយរំពឹងថា ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក្នុងឆ្នាំនេះ ឬឆ្នាំបន្តបន្ទាប់កាន់តែមានភាពល្អប្រសើរ ដែលជាផ្នែកមួយជួយដល់សកម្មភាពអាជីវកម្ម ក្នុងខេត្ត ឲ្យដំណើរការមកវិញជាធម្មតា។
លោកជំទាវ ភូថង មិថុនា អភិបាលនៃគណៈអភិបាលខេត្តកោះកុង លើកឡើងនៅក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន ក្នុងកម្មវិធីចែកអំណោយរបស់ក្រុមហ៊ុន R.M.A (Cambodia) នៅថ្ងៃទី ១៥ ខែ ធ្នូឆ្នាំ ២០២២នេះថា កម្ពុជាក្រោមការដឹកនាំប្រកដោយគតិបណ្ឌិត ឈ្លៀសវ៉ៃ ម៉ឺងម៉ាត់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានប្រយុទ្ធប្រឆាំង ទប់ស្កាត់ជំងឺរាតត្បាត COVID-19 មានភាពលេចធ្លោ ដោយកម្ពុជាបានគ្របដណ្តប់លើការចាក់វ៉ាក់សាំងស្ទើរទាំងស្រុង ហើយបានធ្វើឲ្យកម្ពុជាបើកប្រទេសឡើងវិញ និងបើកគ្រប់វិស័យ។
ក្នុងរយៈពេលជាងមួយឆ្នាំមកនេះ ការប្រកបរបរអាជីវកម្មនៅក្នុងខេត្តកោះកុងទាំងមូល បានដំណើរការឡើងវិញជាធម្មតា ជាពិសេសការធ្វើពាណិជ្ជកម្មឆ្លងដែនកម្ពុជា-ថៃ លំហូរទំនិញនៃប្រទេសទាំងពីរ មានសកម្មភាពគួរផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ នឹងរំពឹងថា ក្នុងឆ្នាំនេះ ឬឆ្នាំបន្តបន្ទាប់ នឹងមានសកម្មភាពកាន់តែប្រសើរ។
កាលពីពេលថ្មីៗនេះ លោកស្រី ជីរ៉ាណាន់ វង្សមង្គល ប្រធានសមាគមពាណិជ្ជកម្មថៃនៅកម្ពុជា បានថ្លែងថា ទំហំពាណិជ្ជកម្មទ្វេរភាគីកម្ពុជា-ថៃ ក្នុងឆ្នាំ ២០២២ នេះ បានងើបល្អប្រសើរឡើងវិញហើយ ខណៈកម្ពុជាបានបើកប្រទេសគ្មានការរឹតត្បិត និងស្របពេលប្រទេសថៃបើកច្រកព្រំដែនឡើងវិញផងដែរ ជាក់ស្តែងនៅក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២២ នេះ បើតាមទិន្នន័យក្រសួងពាណិជ្ជកម្មថៃ ការធ្វើការធ្វើពាណិជ្ជកម្មកម្ពុជា-ថៃ មានទំហំសរុបជាង ៨ ៥០០ លានដុល្លាសហរដ្ឋអាមេរិក ក្នុងនោះកម្ពុជានាំចេញទៅប្រទេសថៃ មានទំហំជិត ១ ពាន់លានដុល្លារ និងថៃនាំចូលមកវិញ មានចំនួនជាង ៧ ពាន់លានដុល្លារ៕អត្ថបទ៖ សុន រ៉ាឌី