អាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កាលថ្ងៃព្រហស្បតិ៍បានប្រកាសថា លោកនឹងគាំទ្រសហភាពអាហ្វ្រិកចូលរួមជាសមាជិកអចិន្ត្រៃយ៍ជាមួយក្រុមប្រទេសសេដ្ឋកិច្ចធំៗ G20 ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការពង្រឹងទំនាក់ទំនងឡើងវិញជាមួយតំបន់នេះ។
លោក Biden ដែលថ្លែងនៅក្នុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូលមេដឹកនាំអាមេរិក-អាហ្វ្រិកបាននិយាយថា សហរដ្ឋអាមេរិកកំពុងសម្លឹងរកមើលការបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ លោក Biden បាននិយាយថា ទ្វីបអាហ្វ្រិកមានកៅអីនៅគ្រប់បន្ទប់ ជាកន្លែងដែលបញ្ហាប្រឈមជាសកលកំពុងត្រូវបានពិភាក្សា និងនៅគ្រប់ស្ថាប័នដែលការពិភាក្សាកំពុងប្រព្រឹត្តទៅ។ បច្ចុប្បន្នប្រទេសអាហ្វ្រិកខាងត្បូងគឺជាសមាជិក G20 តែមួយគត់មកពីទ្វីបអាហ្វ្រិក ដែលសហភាពអាហ្វ្រិកមានសមាជិករហូតដល់ ៥៥ប្រទេស។ មេដឹកនាំទ្វីបអាហ្វ្រិកមកពីសហភាពអាហ្វ្រិក និងប្រទេសចំនួន ៤៩ បានជួបប្រជុំគ្នាក្នុងសប្តាហ៍នេះនៅទីក្រុងវ៉ាស៊ីនតោន សម្រាប់កិច្ចប្រជុំកំពូលរយៈពេល ៣ថ្ងៃដែលបានចាប់ផ្តើមកាលពីថ្ងៃអង្គារ ដោយផ្តោតលើបម្រែបម្រួលអាកាសធាតុ សន្តិសុខស្បៀង ភាពជាដៃគូពាណិជ្ជកម្ម និងបញ្ហាផ្សេងៗទៀត។
ការលើកឡើងរបស់លោក Biden និងកិច្ចប្រជុំកំពូលនេះមានគោលបំណងដាក់សហរដ្ឋអាមេរិកជាដៃគូ សម្រាប់បណ្តាប្រទេសនៅអាហ្វ្រិកក្នុងពេលមានការប្រកួតប្រជែងជាមួយប្រទេសចិន ដែលបានព្យាយាមពង្រីកឥទ្ធិពលរបស់ខ្លួន។ ពាណិជ្ជកម្មចិនជាមួយទ្វីបអាហ្វ្រិកមានទំហំប្រហែល ៤ដងនៃទំហំពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ហើយទីក្រុងប៉េកាំងបានក្លាយជាអ្នកផ្តល់ប្រាក់ដ៏សំខាន់ដោយបានផ្តល់ប្រាក់កម្ចីមានតម្លៃទាបជាង៕
អត្ថបទ៖ ប៊ុនថន