កំពង់ចាម៖ ឆ្នេរខ្សាច់កោះប៉ែននិងស្ពានឬស្សី នឹងរៀបចំតុបតែង ឲ្យហើយមុនថ្ងៃឆ្លងឆ្នាំសកល ដើម្បីទទួល ភ្ញៀវទេសចរក្នុងប្រទេសនិងក្រៅប្រទេស មកលេងកម្សាន្តលើទឹកដីខេត្តកំពង់ចាម ខណៈបច្ចុប្បន្ន ក្រុមការងារកំពុងមមាញឹកកសាងស្ពានឬស្សីនេះឡើងវិញ ។
ជារៀងរាល់ឆ្នាំស្ពានឬស្សីកោះប៉ែននេះ ត្រូវបានកសាងរួចតាំងពីខែវិចិ្ឆកាមកម្ល៉េះ ប៉ុន្តែដោយសារ ទឹកទន្លេមេគង្គមានការស្រក់យឺត ទើបគេចាប់ផ្តើមកសាងនៅក្នុងដើមខែធ្នូនេះដែលមាន ប្រវែងជាង ៨០០ម៉ែត្រ ដោយមានទទឹង២ម៉ែត្រកន្លះដែលចំណាយឬស្សីជាង២ម៉ីនដើម។
បើតាមការបញ្ជាក់ពីលោក ប៊ុន ដារ៉ា ដែលជាម្ចាស់អភិរក្សស្ពានឬស្សី បានប្រាប់ឲ្យដឹងថា ស្ពានឬស្សីកោះប៉ែនគឺកំពុងតែបានកសាងជាបណ្តើរៗ ខណៈបច្ចុប្បន្ន បាន៧០%ហើយ បើទោះបីទឹកទន្លេមេគង្គមានការស្រកចុះយឺតយ៉ាវ។
លោក បញ្ជាក់ទៀតថា ក្រុមការងារនឹងសម្រុកធ្វើឲ្យរួចរាល់មុនថ្ងៃចូលឆ្នាំសកល ដើម្បីទទួលភ្ញៀវទេសចរណ៍។
លោក ប៊ុន ដារ៉ា បានបន្ថែមទៀតថា ឆ្នាំនេះ ការកសាងរមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែនឡើងវិញ គឺមានការខុសប្លែកជាងរាល់ឆ្នាំពោលគឺ មានផ្លូវចេញចូលធំទូលាយ ទាំងកន្លែងចំណតរថយន្តម៉ូតូ មានបង្គន់អនាម័យចល័ត មានពោងទឹកខ្នាតមធ្យមសម្រាប់ក្មេងលេង និងមានការរៀបចំគ្រែលំហែកាយ ដោយមានការកំណត់តារាងមុខម្ហូប និងសេវាកម្មផងដែរ។
ស្ពានឬស្សីកោះប៉ែននេះ គឺបានបង្ហាញភាពទាក់ទាញ និងសក្កានុពលយ៉ាងសំខាន់ លើវិស័យទេសចរណ៍ក្នុងខេត្តកំពង់ចាម ហើយក្នុងឆ្នាំនេះមានលក្ខណៈប្លែកជាងរាល់ឆ្នាំគឺមានការពង្រីងឆ្នេរខ្សាច់ និងផ្លូវចេញចូលធំជាងមុន ដើម្បីសម្រួលចរាចរកុំមានការកក់ស្ទះនាពេលបុណ្យទាន និងមួយវិញទៀតនោះគឺខាងឆ្នេរខ្សាច់កោះប៉ែន មានបង្កើតស្តង់សម្រាប់ឲ្យអ្នកភូមិលើកោះនេះបានលក់នំចំណីខ្មែរដែលផលិតផ្ទាល់តែម្តង។ស្ពានឬស្សីកោះប៉ែន នឹងអាចទាញយកភ្ញៀវទេសចរណ៍កាន់តែកើនឡើងក្នុង ឆ្នាំថ្មីនេះ និងបង្ហាញពីអត្តសញ្ញាណរបស់ខេត្តកំពង់ចាម ហើយអ្វីដែលយើងរង់ចាំមិនភ្លេចនោះតំបន់មួយនេះល្បីក្នុងបទចំរៀងរបស់អធិរាជសំឡេងមាស ស៊ុន ស៊ីសាមុត ផងដែរ៕អត្ថបទ៖ ថុង សីហា