
ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គលើកទី២៩ របស់គណ:កម្មាធិការអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក បានចុះហត្ថលេ ខាលើអនុស្សារណៈយោគយល់គ្នាចំនួន២ ក្នុងន័យពង្រឹងកិច្ចអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពរមណីយដ្ឋានអង្គរស្របតាមផែនការ និងសកម្មភាពដែលបានកំណត់ដោយគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក។ នេះបើតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈផ្សព្វផ្សាយឱ្យដឹងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២។
ប្រភពដដែលឱ្យដឹងទៀតថា អនុស្សារណៈយោគយល់គ្នាទាំង២ ដែលបានចុះហត្ថលេខានៅថ្ងៃនេះរួម មាន៖
១-គម្រោងអភិរក្ស និងជួសជុលប្រាសាទបាយ័ន ជាមូលនិធិផ្តល់ដោយរាជរដ្ឋាភិបាលជប៉ុនតាមរយៈអង្គការយូណេស្កូ មានការអញ្ជើញចុះហត្ថលេខាជាពីរផ្នែក។ ផ្នែកទី១ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ចុះហត្ថលេខារួមគ្នាជាមួយឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។ ផ្នែ កទី២ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ចុះហត្ថលេខាជាមួយលោក Sardar Umar ALAM តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា។
២-គម្រោងប្រព័ន្ធជំនួយស្វ័យប្រវត្តិក្នុងការគ្រប់គ្រងទឹកក្នុងតំបន់សៀមរាប-អង្គរ ហៅកាត់(SDGERA) ចុះហត្ថលេខាដោយឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និង លោក Francisque Vigouroux ប្រធានសហជីពអន្តរសង្កាត់គ្រប់គ្រងទឹកនៃជ្រលងប៊ីយ៉ែវ នៃប្រទេសបារាំង៕ដោយ៖ គង់ ឌិន




