ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២នេះ បានដៀលទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី ថាជាជនមិនមានភាពខ្មាស់អៀន បន្ទាប់ពីទណ្ឌិតរត់ចោលស្រុករូបនេះ បានសរសេរលើហ្វេសបុករបស់ខ្លួន រិះគន់សម្តេចតេជោ ពាក់ព័ន្ធករណីក្លែងបន្លំតួនាទីជាប្រធានអាស៊ាន។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា«ក្នុងនាមជាក្មេងជំនាន់ក្រោយម្នាក់ ខ្ញុំមិននឹកស្មានថាលោក សម រង្សី គ្មានភាពខ្មាស់អៀនដល់ថ្នាក់នេះ!!! ដែលហ៊ានចេញសារលើបណ្តាញសង្គមរបស់ខ្លួនជាភាសាខ្មែរផង ជាភាសាអង់គ្លេសផង រិះគន់សម្តេចតេជោ ពាក់ព័ន្ធករណីក្លែងបន្លំតួនាទីជាប្រធានអាស៊ាន ដែលខ្លួនគាត់ (សម រង្សី) មិនទាំងយល់ច្បាស់អំពីអាណត្តិរបស់ប្រធានអាស៊ានផង»។
លោក ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា សាររបស់លោក សម រង្សី គឺស្មើនឹងគាត់រិះគន់ប្រធានាធិបតីបារាំង ក៏ដូចជាថ្នាក់ដឹកនាំសហភាពអឺរ៉ុប និងប្រមុខរដ្ឋអាស៊ានដ៏ទៃទៀត ថាពួកគេមិនយល់ច្បាស់អំពីអាណត្តិរបស់ប្រធានអាស៊ាន ព្រោះពួកគេបានទទួលស្គាល់នូវតួនាទីជាប្រធានអាស៊ានរបស់សម្តេចតេជោ ទាំងក្នុងជំនួបជាមួយប្រធានាធិបតីបារាំង (ថ្ងៃទី ១៣ ធ្នូ ២០២២ នៅទីក្រុងប៉ារីស ប្រទេសបារាំង) និងកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប និងដើម្បីអបអរសាទរខួប៤៥ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប (ថ្ងៃទី១៤ ធ្នូ ២០២២ នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្ស៉ិក)។
តាមរយៈហ្វេសបុកនេះដែរ លោក ហ៊ុន ម៉ាណែត ក៏បានចំអកឲ្យទណ្ឌិតក្បត់ជាតិបីជំនាន់នេះ ផងដែរដោយលោកបានបញ្ជាក់បន្ថែមថា«និយាយអោយខ្លី គឺលោក សម រង្សី ចង់បង្ហាញថាមានតែគាត់ទេដែលឆ្លាតវៃជាងគេ ហើយយល់អំពីអាណត្តិរបស់ប្រធានអាស៊ានច្បាស់ជាងប្រធានាធិបតីបារាំង ថ្នាក់ដឹកនាំសហភាពអឺរ៉ុប និងថ្នាក់ដឹកនាំអាស៊ាន។ ខ្ញុំអានសាររបស់គាត់ច្រើនដង ហើយនៅតែហួសចិត្តដែលគាត់អាចសរសេរសារបែបនេះទៅរួច ព្រមទាំងបង្ហោះសារជាសាធារណៈជាភាសាខ្មែរ និងភាសាអង់គ្លេសឱ្យបរទេសអាចអានទៀត»៕
អត្ថបទ៖ បាន ចក់
