ភ្នំពេញ៖ ដើម្បីជំរុញការនាំចេញម្រេចទៅទីផ្សារបរទេស ជាពិសេសប្រទេសចិន អ្នកជំនាញបានស្នើដល់រាជរដ្ឋាភិបាលជួយសម្រួលលក្ខខណ្ឌមួយចំនួន។
លោក វុង ជាង សមាជិកសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា នៅថ្ងៃទី១៦ ខែធ្នូម្សិលមិញ បានប្រាប់BTVឲ្យដឹងថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន បានចុះហត្ថលេខាអនុស្សារណៈយោគយល់គ្នាស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញម្រេច ពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិនរួចហើយនោះ នឹងជួយឲ្យទីផ្សារម្រេចកម្ពុជាកាន់តែប្រសើរជាងមុន។ លើសពីនេះលោកបានស្នើដល់រាជរដ្ឋាភិបាលជួយសម្រួលលក្ខខណ្ឌមួយចំនួន ដើម្បីជំរុញការនាំចេញម្រេចទៅទីផ្សារបរទេសកាន់តែច្រើន។
បើតាមទិន្នន័យពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ចេញផ្សាយនាពេលកន្លងទៅ បានបង្ហាញថា ការនាំចេញផលិតផលម្រេច GI និងម្រេចមិនមែន GI របស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ក្នុងឆមាសទី១ ឆ្នាំ២០២២ បានជាង៦ពាន់តោន ធ្លាក់ចុះ៥៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទិន្នន័យដដែល បានបង្ហាញថា ក្នុងអំឡុងពេលនេះ ប្រទេសវៀតណាមនៅតែជាទីផ្សារនាំចូលផលិតផលម្រេចធំជាងគេពីកម្ពុជាក្នុងបរិមាណជាង ៥ពាន់តោន បន្ទាប់មកទីផ្សារនៅប្រទេសប្រទេសអាល្លឺម៉ង់ មានចំនួនជាង ៥០០តោន និងទីផ្សារប្រទេសមួយចំនួនទៀត ដូចជា កោះតៃវ៉ាន់ ម៉ាឡេស៊ី បារាំង ប៊ែលហ្ស៊ិក សាធារណរដ្ឋឆេក ស៊ុយអ៊ែត ជប៉ុន កាណាដា សហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូងជាដើម។
នៅកម្ពុជាដំណាំម្រេច ជាដំណាំកសិក-ឧស្សាហកម្មសំខាន់សម្រាប់បង្កើនប្រាក់ចំណូលក្នុងគ្រួសារ និងសេដ្ឋកិច្ចជាតិ។បច្ចុប្បន្នដំណាំនេះ មានការដាំដុះនៅតាមបណ្តាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជារួមមាន៖ ខេត្តកំពត ព្រះសីហនុ កោះកុង កំពង់ចាម និងខេត្តមណ្ឌលគិរីជាដើម៕ អត្ថបទ៖ទូច សោភ័ណ