
ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មានសុខភាពល្អមាំមួន ស្រស់ថ្លា និង ចេញចូលរួមកម្មវិធីនានាឡើងវិញជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្រោយខកខានរយៈពេលប្រមាណ៤ខែ ដោយសារបញ្ហាសុខភាព(ឈឺឆ្អឹងខ្នង)។ នេះបើយោងតាមការបញ្ជាក់ និងបង្ហោះរូបជាច្រើនសន្លឹកក្នុងផេកហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ។
សម្តេចតេជោ បញ្ជាក់ក្នុងខ្លឹមសារទាំងស្រុងថា « រយៈពេលប្រមាណ៤ខែដែលភរិយាមិនបានដើរជាមួយប្តី។ ថ្ងៃនេះចេញមុខចូលរួមរៀបការកូន
ឯកឧត្តមគន់ គីម។ »
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ពីបញ្ហាសុខភាពរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និង សុំការយោគយល់ពីថ្នាក់ដឹកនាំនៃប្រទេសនានា ដែលក្នុងកិច្ចប្រជុំកំពូលអាស៊ានកន្លងមកនៅកម្ពុជា ដែលអវត្តមានស្ត្រីទី១របស់កម្ពុជាមិនបានអមដំណើរសម្តេចតេជោ ជាប្រធានអាស៊ាន ឆ្នាំ២០២២។ សម្តេចតេជោធ្លាប់បានបញ្ជាក់ថា ការអវត្តមានក្នុងកម្មវិធីពិធីធំៗរយៈពេលកន្លងមកនិងការប្រជុំអាស៊ាន ដោយសារសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានបញ្ហាសុខភាពទាក់ទងដល់ឆ្អឹងខ្នងដែលគ្រូពេទ្យតម្រូវឲ្យមិនអាចអង្គុយយូរបាន និងស្ថិតក្នុងរយៈពេលនៃការព្យាបាលផងដែរ៕


