
ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋ ប្រភេទឈើលើថ្មក្រោម រួមទាំងបន្ទប់ជាច្រើន យ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះជួយអន្តរាគមន៍បាញ់ទឹកពន្លត់ និងបណ្ដាលឲ្យមានមនុស្សរងរបួសស្រាលចំនួន ០៣នាក់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅផ្លូវលេខ៩៣ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញភ្លើងឆេះចេញពីផ្ទះមួយ ប្រជាពលរដ្ឋបាននាំគ្នាយកទឹកពន្លត់ និងបំពង់ពន្លត់អគ្គិភ័យ តែមិនអាចគ្រប់គ្រងបាន ដោយទំហំនៃការឆាបឆេះខ្លាំង ទើបសមត្ថកិច្ចមូលដ្ឋានសុំជំនួយពីរថយន្តពន្លត់អគ្គិភ័យ របស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ដើម្បីជួយអន្តរាគមន៍បាញ់ពន្លត់។
ក្នុងហេតុការណ៍នេះ កម្លាំងជំនាញប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ២៨គ្រឿង បាញ់ពន្លត់ទើបអគ្គិភ័យរលត់ទាំងស្រុង។ ចំពោះទំហំនៃការខូចខាតសម្ភារ: ផ្ទះថ្មក្រោមឈើលើទំហំ ០៩ម៉ែត្រ គុណ ១២ម៉ែត្រអស់ទាំងស្រុង ម៉ូតូចំនួន ០២គ្រឿង ម៉ូតូកង់បីឥណ្ឌាចំនួន ០១គ្រឿង សម្ភារប្រើប្រាស់អស់មួយចំនួន និងរាលដាលដល់ផ្ទះចំនួន ០២ខ្នងផ្ទះ។ ចំណែកមូលហេតុដែលបង្កអោយមានការឆាបឆេះនេះ សមត្ថកិច្ចសន្និដ្ឋានជំហានដំបូងបណ្ដាលមកពីឆ្លងចរន្តអគ្គីសនី៕ អត្ថបទ៖ កុម្ភៈ











