ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយនឹងមោទនភាព នៃសមិទ្ធផលដែលសម្រេចបានរហូតមកដល់បច្ចុប្បន្ន ជាពិសេសសុខសន្តិភាពដែលរកបានដោយលំបាកបំផុតនោះសម្តេចនៅតែក្រើនរំលឹក និងសង្ឃឹមថា អ្នកបន្តវេនជំនាន់ក្រោយនឹងបន្តស្មារតីរួបរួមគ្នាដើម្បីថែរក្សាសុខសន្តិភាពលើកស្ទួយដល់ការអភិវឌ្ឍ។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជានៅតែរម្លឹកអំពីកត្តាសុខសន្តិភាពដែលជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍបែបនេះត្រូវបានធ្វើឡើង ខណៈ សម្តេចបានអញ្ជើញទទួលពានរង្វាន់សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក ប្រគល់ជូនដោយ វិទ្យាស្ថានយុទ្ធសាស្ត្រ សម្រាប់អាស៊ីប៉ាស៊ីហ្វិក (KSI) ស្ដីពី “ការបង្កើនទំនាក់ទំនងអាស៊ាន-ចិន”នៅ វិមានសន្តិភាពនាព្រឹកថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២២ ក្រោមវត្តមានចូលរួមអបអរសាទរពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ភរិយាដ៏ឧត្តមរបស់សម្តេច និងថ្នាក់ដឹកនាំជា ឥស្សរជនក្នុងរាជរដ្ឋាភិបាល មន្ត្រីអ្នកមុខអ្នកការ និងក្រុមគ្រួសារផងដែរ។
សម្តេចបានថ្លែងថា ពិតណាស់ថា ការទទួលបាននូវពានរង្វាន់ដ៏វិសេសវិសាលនេះ គឺជាសក្ខីកម្ម នៃភាពជោគជ័យដ៏ត្រចះត្រចង់ នៃការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសតាមរយៈ ការអនុវត្ត “គោលនយោបាយឈ្នះ-ឈ្នះ»ដែលបាននាំមកនូវការបង្រួបបង្រួមជាតិ, សន្តិភាព និង ស្ថិរភាពនយោ បាយ ។ ការណ៍នេះ បានក្លាយជាចលករ និង ចន្ទល់ដ៏រឹងមាំ ក្នុងការជំរុញកំណើន សេដ្ឋកិច្ចកម្ពុជាឱ្យសម្រេចបានក្នុងអត្រា ៧ ភាគរយ ជាមធ្យមប្រចាំឆ្នាំ រហូតធ្វើឱ្យកម្ពុជាក្លាយជា ប្រទេសមានចំណូលមធ្យមកម្រិតទាបនៅក្នុងឆ្នាំ ២០១៥ និង កំពុងបោះជំហ៊ានឆ្ពោះទៅជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និង ប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។ ជាមួយនឹងការរំពឹងទុកបែបនេះ សម្តេចក៏នៅតែរំលឹកដល់អ្នកជំនាន់ក្រោយត្រូវរួបរួមគ្នាថែរក្សាសុខសន្តិភាព ។
សម្តេចថ្លែងថា ចាប់តាំងពីកម្ពុជាបានក្លាយជាសមាជិកទី ១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងឆ្នាំ ១៩៩៩, កម្ពុជាត្រូវបានទទួលស្គាល់ថា ជាប្រទេសមួយ ដែលបានធ្វើសមាហរណកម្មយ៉ាងសកម្មទៅក្នុងតំបន់ និង ពិភពលោក, បានកសាងចំណងមិត្តភាព និង សហប្រតិបត្តិការល្អប្រសើរជាមួយបណ្តាប្រទេសនានា ហើយបានកំពុងចូលរួមបំពេញតួនាទីយ៉ាងសកម្ម ដោយស្មើសិទ្ធិ និង ស្មើភាព ក្នុងគ្រប់កិច្ចការអន្តរជាតិ ទាំងក្នុងក្របខណ្ឌតំបន់ និង ពិភពលោក ។ ជាក់ស្តែង កិច្ចខិតខំប្រឹងប្រែងក្នុងការដឹកនាំ និង រៀបចំកិច្ចប្រជុំកំពូលអាស៊ានដោយជោគជ័យ នៅឆ្នាំ ២០០២, ២០១២ និង ២០២២ គឺជាមោទនភាពជាតិសម្រាប់កម្ពុជា នៅលើឆាកអន្តរជាតិ ដែលបង្ហាញដល់ពិភពលោកអំពីស្មារតីរួមចំណែកដល់ការកសាងសហគមន៍អាស៊ាន និងពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីសន្តិភាព, ស្ថិរភាព, សន្តិសុខ និង ការអភិវឌ្ឍ ប្រកបដោយចីរភាព នៅក្នុងសកលលោក និងតំបន់៕ អត្ថបទ៖ មុត សុទ្ធ










