ចំបាប់៖ ក្រុមកីឡាចំបាប់កម្ពុជាបានបង្កើតកំណត់ត្រាថ្មី ក្រោយដណ្ដើមបានមេដាយដ៏ច្រើនក្នុងការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០២២ រហូត ១៩គ្រឿង។ នេះបើតាមការបញ្ជាក់របស់លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងជាប្រធានសហព័ន្ធកីឡាចំបាប់អាស៊ីអាគ្នេយ៍ ក្រោយព្រឹត្តិការណ៍ប្រចាំតំបន់នេះបានបញ្ចប់ការប្រកួតដោយរលូន បន្ទាប់ពីដំណើរការប្រកួត ៣ថ្ងៃពេញកាលពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែធ្នូចុងសប្ដាហ៍កន្លងទៅ។
គួរដឹងថា ការប្រកួតចំបាប់ជើងឯកអាស៊ាននេះមានប្រតិភូ និងអត្តពលិកចូលរួមជិត ២០០នាក់ចូលរួម ក្នុងនោះមានកីឡាករ-កីឡាការិនីក្នុងតំបន់ចូលរួមចំនួន ៧ប្រទេសរួមមានម្ចាស់ផ្ទះកម្ពុជា ឥណ្ឌូនេស៊ី វៀតណាម ថៃ សិង្ហបុរី ឡាវ និងហ្វីលីពីន។ ជាលទ្ធផលម្ចាស់ផ្ទះកម្ពុជាឈរលេខ៣ ក្នុងតារាងមេដាយ ដោយដណ្ដើមបានមេដាយសរុប ១៩គ្រឿង (មាស ៣ ប្រាក់ ៣ និងសំរឹទ្ធ ១៣) គ្រាដែលវៀតណាមឈរកំពូលតារាងឈ្នះមេដាយសរុប ៣០គ្រឿង (មាស ១៨ ប្រាក់ ១១ និងសំរឹទ្ធ ១)។ លោក ខេស៊ី បាណេត បានលើកឡើងថា នេះជាលើកដំបូងក្នុងប្រវត្តិសាស្ដ្ររបស់សហព័ន្ធ ដែលកីឡាចំបាប់កម្ពុជាដណ្ដើមបានមេដាយដ៏ច្រើនក្នុងការប្រកួតអន្ដរជាតិ ជាក់ស្ដែងកាលពីស៊ីហ្គេមឆ្នាំ២០១៣ នៅមីយ៉ាន់ម៉ា គឺកម្ពុជាដណ្ដើមបានមេដាយសរុប ១០គ្រឿង ខណៈស៊ីហ្គេមចុងក្រោយនៅវៀតណាមគឺឈ្នះមេដាយត្រឹម ៦គ្រឿងប៉ុណ្ណោះ។ តាមរយៈនេះគឺជាសញ្ញាណមួយដ៏ល្អ សម្រាប់កីឡាចំបាប់កម្ពុជាក្នុងដំណើរឆ្ពោះទៅព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រស៊ីហ្គេមនាឆ្នាំ២០២៣ ខាងមុខ។
គួរដឹងថា ការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍នេះ ត្រូវបានចាត់ទុកជាការប្រកួតមុនព្រឹត្តិការណ៍ស៊ីហ្គេម ឬ Pre-SEA Games ដើម្បីពង្រឹងសមត្ថភាពរបស់សហព័ន្ធក្នុងដំណើរឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ ទាំងធនធានមន្ដ្រីបច្ចេកទេស អាជ្ញាកណ្ដាល-ចៅក្រម និងកីឡាករ-កីឡាការិនី ពិសេសបទពិសោធន៍ធ្វើម្ចាស់ផ្ទះការប្រកួតលក្ខណៈអន្ដរជាតិ ដើម្បីធានាបាននូវជោគជ័យក្នុងនាមម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រលើកដំបូងនាឆ្នាំក្រោយ បន្ទាប់ពីកម្ពុជារង់ចាំអស់រយៈពេល ៦៤ឆ្នាំ៕
អត្ថបទ៖ លី ឈុនឡា