បាល់ទាត់៖ ក្រុមជើងឯកពិភពលោកអាហ្សង់ទីន បានចូលរួមក្នុងពិធីដង្ហែពានជើងឯក FIFA World Cup របស់ខ្លួន ប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីបញ្ចប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ។
ទាំងយប់អាធ្រាត្រឈានចូលថ្ងៃចន្ទទៅហើយ ជាលើកដំបូងដែលមានពិធីដង្ហែពាននៅខាងក្រៅកីឡដ្ឋានរបស់ប្រទេសម្ចាស់ផ្ទះនៅមហាវិថី Lusail ក្បែរកីឡដ្ឋាន និងជាការអបអរក្នុងឱកាសថ្ងៃបុណ្យជាតិរបស់កាតា។ អាហ្សង់ទីនបានគ្រងជើងឯកពិភពលោកដោយយកឈ្នះក្រុមការពារជើងឯកបារាំង ៤-២ នៅវគ្គ ១១ម៉ែត្រកាត់សេចក្តី បន្ទាប់ពីបញ្ចប់ការប្រកួត ១២០នាទីស្មើគ្នា ៣-៣ មិនគួរឱ្យជឿ។
អ្នកចាំទីអាហ្សង់ទីន Emiliano Martinez សង្គ្រោះបាល់ ១១ម៉ែត្ររបស់ Kingley Coman ខណៈដែល Aurelien Tchouameni ស៊ុតខុសទីធ្វើឱ្យអាហ្សង់ទីនឈ្នះពាន World Cup លើកទី៣ និងជាលើកដំបូងតាំងពីឆ្នាំ១៩៨៦។ ក្រុមអាហ្សង់ទីននឹងចាកចេញពីទឹកដីកាតានៅថ្ងៃចន្ទនេះទៅកាន់ទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន ខណៈការអបអរសាទរនឹងបន្តមាននៅប្រទេសកំណើត៕
អត្ថបទ៖នាង សុភាវុធ