អ៊ុយក្រែន៖ លោកប្រធានាធិបតី Volodymyr Zelenskyy បាននិយាយថា ការការពារព្រំដែននានារបស់អ៊ុយក្រែនជាប់រុស្ស៊ី និងបេឡារុសគឺជាចំណុចអាទិភាពបំផុត ហើយប្រទេសរបស់លោកបានត្រៀមរួចរាល់ សម្រាប់គ្រប់ប្រភេទសេណារីយ៉ោទាំងអស់ដែលអាចកើតឡើងជាមួយរុស្ស៊ី និងសម្ព័ន្ធមិត្តគឺបេឡារុស ដែលទីក្រុង Kyiv បានព្រមានថា សម្ព័ន្ធមិត្តលោក Putin រូបនេះអាចធ្លាក់ចូលក្នុងជម្លោះដែលមានរយៈពេល ១០ខែមកនេះ។

ក្នុងសុន្ទរកថាតាមវីដេអូពេលយប់របស់លោក លោក Zelenskyy ក៏បានចេញការអំពាវនាវថ្មីមួយផងដែរ ដល់បណ្ដាប្រទេសលោកខាងលិចឲ្យផ្ដល់ទីក្រុង Kyiv នូវប្រព័ន្ធការពារដែនអាកាសទំនើបៗជាងមុន ជាជំហានដ៏មានឥទ្ធិពលបំផុតដើម្បីបញ្ឈប់ការវាយលុករបស់រុស្ស៊ី។ នៅព្រឹកថ្ងៃចន្ទនេះ ស៊ីរ៉ែនព្រមានពីការវាយប្រហារតាមអាកាសបានរោទិ៍ឡើងជាថ្មីទៀតទូទាំងទីក្រុង Kyiv និងភាគខាងកើតអ៊ុយក្រែន ព្រមទាំងមានវីដេអូនៃការផ្ទុះ និងប្រព័ន្ធខែលការពារដែនអាកាសត្រូវបានចែករំលែកនៅលើបណ្ដាញសង្គម។
ការថ្លែងរបស់លោក Zelenskyy ធ្វើឡើងនៅមុនការដំណើររបស់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ទៅកាន់ប្រទេសបេឡារុស ស្របពេលការពិភាក្សាពីការវាយលុកថ្មីរបស់រុស្ស៊ី និងការលើកឡើងថា អាចចេញពីក្នុងប្រទេសបេឡារុស៕
អត្ថបទ៖ សុខមាន