ចិន៖ សាលារៀនជាច្រើននៅក្នុងទីក្រុងសៀងហៃប្រទេសចិន និងតំបន់ផ្សេងៗទៀតកំពុងប្តូរត្រឡប់ទៅការបង្រៀនតាមប្រព័ន្ធអ៊ីនធឺណិតវិញ ក្នុងពេលមានការកើនឡើងករណីឆ្លងវីរុសកូរ៉ូណា។

សាលារៀនជាច្រើនបាននឹងកំពុងបន្តថ្នាក់រៀនដោយផ្ទាល់ បន្ទាប់ពីរដ្ឋាភិបាលចិនបានបន្ធូរបន្ថយវិធានការប្រយុទ្ធប្រឆាំងករណីឆ្លងដ៏តឹងរ៉ឹងរបស់ខ្លួនកាលពីថ្ងៃទី៧ ខែធ្នូ។ ប៉ុន្តែមន្ត្រីទីក្រុងសៀងហៃបាននិយាយថា សាលារៀនទាំងអស់នៅក្នុងទីក្រុងគួរតែត្រលប់មកបង្រៀនតាមប្រព័ន្ធអ៊ីនធឺណិតវិញចាប់ពីថ្ងៃចន្ទនេះតទៅ ដើម្បីសុខុមាលភាពរបស់សិស្ស និងគ្រូបង្រៀនរបស់ពួកគេ។ សាលាអនុវិទ្យាល័យ និងវិទ្យាល័យជាករណីលើកលែង។
សាលាបង្រៀនភាសាជប៉ុនក្នុងទីក្រុងសៀងហៃ បានដំណើរការត្រលប់ទៅបង្រៀនតាមប្រព័ន្ធ Online វិញហើយកាលពីថ្ងៃពុធសប្តាហ៍មុន បន្ទាប់ពីកុមារ និងគ្រូបង្រៀនមួយចំនួនបានធ្វើតេស្តវិជ្ជមានវីរុសកូរ៉ូណា។ សាលារៀននៅទីក្រុង Nanjing ខេត្តJiangsu ក៏នឹងត្រលប់ទៅបង្រៀនតាមប្រព័ន្ធអ៊ីនធឺណេតវិញចាប់ពីថ្ងៃច័ន្ទនេះដែរ ដោយលើកលែងតែសិស្សវិទ្យាល័យ៕
អត្ថបទ៖ ប៊ុនថន