ភ្នំពេញ៖ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះ នៃការរៀបចំពិព័រណ៍នូវផលិតផលគំនិតកែច្នៃ របស់ប្រទេសតំបន់អាស៊ាន រួមទាំងឥណ្ឌា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ទី២១ ខែធ្នូ ឆ្នាំ២០២២ នៅក្នុងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) ដែលពិព័រណ៍នេះ ត្រូវបានធ្វើឡើងក្នុងវេទិកាស្តីពីឫសគល់នវានុវត្តន៍ អាស៊ាន-ឥណ្ឌា លើកទី៣ ឆ្នាំ២០២២ ។
ក្នុងពិធីបើកវេទិកាស្តីពី ឫសគល់នវានុវត្តន៍ អាស៊ាន-ឥណ្ឌា លើកទី៣ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបង្ហាញពីភាពទាន់ពេលវេលា និងភាពពាក់ព័ន្ធ នៃវេទិកា ភ្ជាប់ទៅនឹងការកោតសរសើរ និងអបអរសាទរយ៉ាងជ្រាលជ្រៅ ចំពោះការប្រារព្ធឡើងនៃវេទិកា ឫសគល់នវានុវត្តន៍អាស៊ាន-ឥណ្ឌានេះ ។
ឯកឧត្តបន្តថា កម្ពុជាទើបតែធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន ហើយបច្ចុប្បន្នកំពុងឆ្លងកាត់ការផ្លាស់ប្តូររចនាសម្ព័ន្ធ ដើម្បីក្លាយជាសេដ្ឋកិច្ចឌីជីថលមួយ ដែលពេញលេញ ដោយមានក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាអ្នកដឹកនាំលើការអភិវឌ្ឍនវានុវត្តន៍ ។
ឯកឧត្តមបណ្ឌិត ហ៊ុល សៀងហេង ប្រធានគណៈកម្មាធិការអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (COSTI) ប្រចាំកម្ពុជា លើកឡើងថា គោលបំណងនៃវេទិកានេះ គឺដើម្បីពង្រឹងសហប្រតិបត្តិការសេដ្ឋកិច្ច-សង្គមរវាងរដ្ឋសមាជិកអាស៊ាន និងឥណ្ឌា ដែលព្រឹត្តិការណ៍នេះ នឹងជំរុញការអភិវឌ្ឍ ពិសេសការអភិវឌ្ឍនវានុវត្តន៍នៅកម្ពុជា អាស៊ាន និងឥណ្ឌា ។
ឯកឧត្តមបានបន្តថា ព្រឹត្តិការណ៍នេះផ្តល់នូវវេទិកា សម្រាប់អ្នកចូលរួមចែករំលែកបទពិសោធន៍ និងឧត្តមានុវត្តន៍ នៃឫសគល់នវានុវត្តន៍ ក្នុងចំណោមសហគមន៍អាស៊ាន និងឥណ្ឌា ហើយមានវគ្គសិក្ខាសាលាស្តីពី ឫសគល់នវានុវត្តន៍ ការប្រកួតប្រជែងឫសគល់នវានុវត្តន៍ ការប្រកួតប្រជែងនវានុវត្តន៍របស់សិស្ស និងការតាំងពិពណ៌នវានុវត្តន៍ ដោយមានការចូលរួមពីប្រទេសឥណ្ឌា និងរដ្ឋសមាជិកអាស៊ាន ។
សម្រាប់យុវជន ដែលចូលរួមក្នុងវេទិកានេះ លើកឡើងថា ការរៀបចំវេទិកា និងពិព័រណ៍នេះឡើង ពិតជាមានសារសំខាន់សម្រាប់សិស្សនិស្សិត ក៏ដូចជាយុវជន អាចយល់ដឹង និងដកស្រងបទពិសោធន៍ពីនវានុវត្តន៍ និងបច្ចេកវិទ្យាថ្មីៗ ប្រទេសក្នុងតំបន់អាស៊ាន និងឥណ្ឌា រួមទាំងបានដឹងពីវប្បធម៌នៃការច្នៃប្រឌិតរបស់ថ្មីៗ នៃប្រទេសទាំងនោះផងដែរ ហើយពួកគេចង់ឲ្យមានរៀបចំវេទិកានេះជារៀងរាល់ឆ្នាំ ។
គួរបញ្ជាក់ថា ឫសគល់នវានុវត្តជន និងនវានុវត្តជនជាសិស្ស នឹងក្លាយជាតួអង្គលេចធ្លោនៅក្នុងវេទិកា ដោយវេទិកានេះ នឹងមិនត្រឹមតែផ្តល់ឱ្យពួកគេនូវឱកាស ដើម្បីវាស់វែងលើនវានុវត្តន៍របស់ពួកគេតាមរយៈការប្រកួតប្រជែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអនុញ្ញាតឱ្យពួកគេ បង្ហាញនវានុវត្តន៍របស់ខ្លួនគេតាមរយៈការតាំងពិព័រណ៍ និងរៀនសូត្រពីសិក្ខាសាលា ជាមួយវាគ្មិនកិត្តិយសមកពីប្រទេសឥណ្ឌា និងរដ្ឋសមាជិកអាស៊ាន ៕ អត្ថបទ ៖ បាន សុខរិទ្ធិ










