បាល់ឱប៖ លោកជំទាវ ស៊ុំ សុខា ប្រធានសហព័ន្ធកីឡាបាល់ឱបកម្ពុជា បានជំរុញដល់ក្រុមកីឡាករ-កីឡាការិនីទាំងអស់ត្រូវបន្ដការខំប្រឹងហ្វឹកហាត់ឲ្យកាន់តែខ្លាំង ដើម្បីអភិវឌ្ឍន៍សមត្ថភាពឆ្ពោះទៅរកការប្រកួតកម្រិតខ្ពស់ និងការប្រកួតអន្ដរជាតិនានា។
ការលើកឡើងនេះ បន្ទាប់ពីសហព័ន្ធបានបញ្ចប់ការប្រកួតកីឡាបាល់ឱប 7s ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២២ ដោយជោគជ័យកាលចុងសប្ដាហ៍កន្លងទៅនៅកីឡដ្ឋានស្ដាតចាស់។ ការប្រកួតនេះមាន ១០ក្រុមចូលរួម និងបែងចែកជា ៣វិញ្ញាសា ក្នុងនោះវិញ្ញាសាបុរសក្រុមធំមានបេក្ខភាព ៥ក្រុមចូលរួម គ្រាដែលផ្នែកបាល់ឱបនារីមានវិញ្ញាសាអាយុក្រោម ២០ឆ្នាំ ៣ក្រុម និងអាយុក្រោម ១៦ឆ្នាំ ២ក្រុម។ ជាលទ្ធផលក្រោយឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ ១ថ្ងៃពេញសម្រាប់វិញ្ញាសាបាល់ឱបបុរសក្រុមធំ សមាគមកីឡាបាល់ឱបកងយោធពលខេមរភូមិន្ទគ្រងតំណែងជើងឯក ខណៈក្រុមកីឡាបាល់ឱបក្របីព្រៃទទួលបានចំណាត់ថ្នាក់លេខ២ និងក្រុមកីឡាបាល់ឱបព្រះស៊ីសុវត្ថិទទួលបានចំណាត់ថ្នាក់លេខ៣។ រីឯផ្នែកបាល់ឱបនារី ក្រុមកីឡាការិនីបាល់ឱបក្របីព្រៃបានគ្រងជើងឯកលើវិញ្ញាសាអាយុក្រោម ២០ឆ្នាំ និងក្រុមបាល់ឱបផ្កាឈូក ព្រះស៊ីសុវត្ថិ គ្រងជើងឯកលើវិញ្ញាសាអាយុក្រោម ១៦ឆ្នាំ។
លោកជំទាវ ស៊ុំ សុខា បានវាយតម្លៃខ្ពស់ចំពោះការប្រកួតនេះ ទាំងគណៈកម្មការរៀបចំ ពិសេសការចូលរួមរបស់កីឡាករ-កីឡាការិនីគ្រប់វ័យ ដែលជាសញ្ញាណមួយដ៏ល្អសម្រាប់វិស័យកីឡាបាល់ឱបកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍ និងរីកចម្រើនបន្ថែមទៀត។ តាមរយៈនេះ លោកជំទាវបានជំរុញដល់ក្រុម និងកីឡាករ-កីឡាការិនីទាំងអស់ បន្ទាប់ពីចប់ការប្រកួតនេះ ទាំងក្រុមទទួលបានជយលាភី និងពុំទទួលបានជយលាភីត្រូវបន្ដការខិតខំប្រឹងប្រែងហ្វឹកហាត់ឲ្យបានជាប់លាប់ ដើម្បីអភិវឌ្ឍន៍សមត្ថភាពឆ្ពោះទៅរកគុណផលខ្ពស់ ត្រៀមចូលរួមការប្រកួតអន្ដរជាតិនានា និងដណ្ដើមមេដាយជូនជាតិមាតុភូមិ៕
អត្ថបទ៖ លី ឈុនឡា