បាល់ទាត់៖ ខ្សែប្រយុទ្ធ Real Madrid, Karim Benzema បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិបារាំងហើយ ក្រោយខកខានមិនបានជួយក្រុមបារាំងនៅ World Cup 2022 នៅកាតា។ កីឡាករវ័យ ៣៥ឆ្នាំរូបនេះបានអវត្តមានពី World Cup 2022 កន្លងទៅ ទោះបីមានឈ្មោះក្នុងបញ្ជីក្រុមជំរើសជាតិបារាំងក្តី បន្ទាប់ពីមានរបួសមុនព្រឹត្តិការណ៍ចាប់ផ្តើម។
Benzema បានសរសេរនៅលើបណ្តាញសង្គម Twitter ពីគោលបំណងចូលនិវត្តន៍នៅក្នុងថ្ងៃកំណើតរបស់ខ្លួនតែម្តងនៅថ្ងៃចន្ទ ទី១៩ ម្សិលមិញនេះ។ ខ្សែប្រយុទ្ធ Real Madrid រូបនេះបង្ហាញខ្លួនសរុបឱ្យក្រមជម្រើសជាតិបារាំង ៩៧លើកស៊ុតបញ្ចូលទីបាន ៣៧គ្រាប់តែក៏ធ្លាប់ខកខានបង្ហាញខ្លួនជិត ៦ឆ្នាំបន្ទាប់ពីមានរឿងអាស្រូវគម្រាមអតីតមិត្តរួមក្រុម Mathieu Valbuena មុនពេលដែលត្រូវបានកោះហៅចូលក្រុមឡើងវិញមុន Euro 2020។ Karim Benzema មានអាជីពដ៏ជោគជ័យជាមួយក្លិប Real Madrid ជាពិសេសរដូវកាលចុងក្រោយកន្លងទៅដែល Real Madrid ឈ្នះជើងឯក UEFA Champions League និងត្រូវបោះឆ្នោតជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់ Ballon d’Or ផងដែរ៕
អត្ថបទ៖នាង សុភាវុធ