ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា និងភាគីអេមីរ៉ាតអារ៉ាប់រួម បានបើកកិច្ចប្រជុំជាមួយគ្នា ដើម្បីចចារគ្នាក្នុងការបង្កើតកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ជាជុំទី២ហើយ ដែលភាគីទាំងពីរំពឹងថា ក្រោយកិច្ចព្រមព្រៀងនេះចូលជាធរមាន នឹងជំរុញការនាំចេញមុខទំនិញអទិភាព សម្រាប់បំពេញតម្រូវការឱ្យគ្នាទៅវិញទៅមក។
ក្រសួងពាណិជ្ជកម្ម នៅល្ងាចថ្ងៃទី១៩ ធ្នូ ឆ្នាំ២០២២នេះ បានលើកឡើងថា ការចរចាជុំទី២ បានប្រារព្ធធ្វើឡើងនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ក្រោមអធិបតីភាពរបស់ ឯកឧត្ដម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ជូម៉ា ម៉ូហាមេដ អាល់ កាត (Juma Mohammed Al Kait) អនុរដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានក្រុមចរចាសម្រាប់ភាគីអេមីរ៉ាតអារ៉ាប់រួម ព្រមជាមួយមន្រ្តីជាន់ខ្ពស់តំណាងអន្តរក្រសួងនៃប្រទេសទាំងពីរ សរុបប្រមាណ ៦០រូប។
ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងនេះ មានលក្ខណៈពិសេសសម្រាប់ប្រទេសទាំងពីរ ដោយសារកិច្ចព្រមព្រៀង នឹងបន្តពង្រឹងមិត្តភាពដែលមានស្រាប់ជាប្រពៃណី រវាងប្រទេសទាំងពីរ និងលើកកម្ពស់ទំនាក់ទំនងដែលកំពុងរីកចម្រើនរវាងពិភពអារ៉ាប់ និងអាស៊ាន ដែលមានថាមវន្តសេដ្ឋកិច្ចខ្លាំងលើពិភពលោក ព្រមទាំងផ្តល់នូវកាលានុវត្តភាពជាច្រើនទៀតដែលភាគីទាំងពីរអាចច្បាមយកសម្រាប់ការអភិវឌ្ឍខឿនសេដ្ឋកិច្ចជាតិ។
ក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា ការចរចាកិច្ចព្រមព្រៀងនេះ អាចនឹងត្រូវការរយៈពេល៦ខែទៀត ដើម្បីបញ្ចប់កិច្ចចរចាទាំងស្រុង ដើម្បីឈានទៅដាក់ឆ្លងគណៈរដ្ឋមន្រ្តី រដ្ឋសភា ព្រឹទ្ធសភា និងព្រះមហាក្សត្រ នាពេលខាងមុខ។
ឯកឧត្តមរដ្ឋមន្រ្តី លើកឡើងថា ប្រទេសអេមីរ៉ាតអារ៉ាប់រួម ជាទីផ្សារដ៏មានសក្តានុពលសម្រាប់ការនាំចេញរបស់កម្ពុជានាពេលមុខ ដោយសារប្រជាជនប្រទេសនេះ មានចំណូលខ្ពស់ ដែលក្នុងមួយឆ្នាំប្រជាជនម្នាក់មានចំណូល ប្រមាណ ៤២ ៨៨០ដុល្លារអាមេរិក។
នៅពេលកិច្ចព្រមព្រៀងនេះ ចូលជាធរមាន ភាគីទាំងពីររំពឹងថា នៅរយៈពេល៥ឆ្នាំខាងមុខ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នឹងឡើងដល់១ពាន់លានដុល្លារ។
តាមការបញ្ជាក់របស់ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ក្នុងអង្គប្រជុំខាងលើ ភាគីទាំងពីរ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្ត ដើម្បីសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម នាពេលឆាប់ៗនេះ សំដៅលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី តាមរយៈការធ្វើពិពិធកម្មទីផ្សារសម្រាប់នាំចេញទំនិញ និងសេវាកម្ម ព្រមទាំងការបង្កើតកាលានុវត្តភាពសម្រាប់ការវិនិយោគ និងពង្រឹងកិច្ចសហការសម្រាប់វិស័យអាទិភាព៕អត្ថបទ៖ បូរ៉ាវី