កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «សុវត្ថិភាពចរាចរណ៍ផ្លូវគោក» ដល់សមាជិក សមាជិកា ស.ស.យ.ក ខេត្តកំពង់ឆ្នាំងជាង ១០០នាក់ និងមានការចូលរួមពីលោក បូរាណ សត្យា អនុប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងជាសមាជិកអចិន្តៃ្រយ៍ផ្នែកដឹកជញ្ជូន ស.ស.យ.ក វិស័យសាធារណការ និងដឹកជញ្ជូន, លោក ខឹម ចាន់នឿន សមាជិកអចិន្ត្រៃយ៍ ស.ស.យ.ក ខេត្តកំពង់ឆ្នាំង ដើម្បីជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការស្លាប់នៅតាមផ្លូវ។
លោក បូរាណ សត្យា បានថ្លែងថា ដោយសារតែប្រទេសកម្ពុជាយើងក្នុង ៥ម៉ោងមានមនុស្សម្នាក់បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ និង១ថ្ងៃចាប់ពី ៥ទៅ៦នាក់គិតជាមធ្យម ហេតុដូចនេះអគ្គនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក មានគោលបំណងអប់រំផ្សព្វផ្សាយ ស្តីពី សុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដល់សមាជិកសមាជិកា ស.ស.យ.ក. និងដើម្បីយកចំណេះដឹងនេះទៅអប់រំ ផ្សព្វផ្សាយបន្តដល់យុវជនដទៃទៀត។ ទិសដៅនៃវគ្គនេះ គឺប្រគល់ភារកិច្ចជូន ស.ស.យ.ក ខេត្តកំពង់ឆ្នាំង ក្នុងការចូលរួមផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ និងតម្កល់ភារកិច្ចមួយជូន ស.ស.យ.ក គ្រប់ថ្នាក់ ក្នុងការផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ និងចូលរួមបិទចំណាំងផ្លាតលើគោយន្តកន្ត្រៃនៅតាមមូលដ្ឋាន។ លោកបានថ្លែងអំពាវនាវដល់ ស.ស.យ.ក មកពីតាមវិស័យផ្សេងៗ ដែលមានវត្តមាននៅទីនេះ ពេលត្រឡប់ទៅវិញត្រូវជួយផ្សព្វផ្សាយបន្ត ពិសេសពេលចុះតាមមូលដ្ឋាន ពាក់ព័ន្ធនឹងការងារសុវត្ថិភាពចរាចរណ៍នេះ។
យុវជន ស.ស.យ.ក ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ បានអោយដឹងថា ក្រោយពីបានចូលរួមជាមួយវគ្គបណ្តុះបណ្តាលនេះ ពួកគាត់ជាយុវជន ស.ស.យ.ក ខេត្ត នឹងប្តេជ្ញាចូលរួមផ្សព្វផ្សាយក្នុងកិច្ចការងារសង្គមមួយនេះអោយបានជ្រាបដល់យុវជនគ្រប់ទីកន្លែង ដើម្បីជួយកាត់បន្ថយនូវអត្រាគ្រោះថ្នាក់ និងស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ។
ប្រធានបទដែលយកមកអប់រំផ្សព្វផ្សាយរួមមាន ស្ថានភាពទូទៅនៃគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក សុជីវធម៌ក្នុងការបើកបរ ការប្រើប្រាស់ល្បឿនក្នុងការបើកបរ សិទ្ធិអាទិភាពនៅត្រង់ផ្លូវប្រសព្វ ហានិភ័យនៃការបើកបរក្រោមឥទ្ធិពល នៃគ្រឿងស្រវឹង អត្ថប្រយោជន៍នៃមួកសុវត្ថិភាព ការត្រួតពិនិត្យទោចក្រយានយន្ត កម្មវិធីយល់ដឹងអំពីទ្រឹស្តី នៃការបើកបរលើទូរស័ព្ទដៃ និងកម្មវិធីថែទាំផ្លូវ ៕ ហុង វាស្នា








